ដោយៈជេស៊ីកា
ភ្នំពេញៈ គិតពីបច្ចុប្បន្ន ទៅកាន់រយៈពេល៥ឆ្នាំខាងមុខ ដែលមានរយៈពេល១៨២៥ថ្ងៃ តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នឹងមានការវិវត្តដូចម្តេច?។
តើផ្នែកអ្វីខ្លះនឹងលេចធ្លោ និងផ្នែកអ្វីខ្លះត្រូវជួបបញ្ហាប្រឈមនាពេលអនាគត?។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹត តាមបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ មករាកន្លងមកថា សម្រាប់វិស័យអចលនទ្រព្យកម្ពុជា គិតពីបច្ចុប្បន្នរហូតដល់រយៈពេល៥ឆ្នាំខាងមុខ លោកគិតថា ផ្នែកដីធ្លី ពិសេសតំបន់ជាយក្រុងនឹងមានភាពលេចធ្លោ និងកើនឡើងនូវល្បឿននៃការអភិវឌ្ឍន៍។
លោកបន្តមើលឃើញថា សំរាប់ទីផ្សារលំនៅដ្ឋាន ចាប់ពីតម្លៃមធ្យមឡើងទៅ នឹងថមថយបន្តិចនៅពេលណា ដែលការផ្គត់ផ្គង់កំពុងកើនឡើងច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់លំនៅដ្ឋានតម្លៃក្រោមមធ្យម មិនជះឥទ្ឋិពលអវិជ្ជមាននោះទេ។
លោកច្រឹក សុខនីម បានបន្តថា ជាមួយគ្នានេះតម្រូវការខុនដូ តម្លៃ នឹងមានកំណើនខ្ពស់នៅពេលខាងមុខ បើធៀបនឹងពេលបច្ចុប្បន្ននេះ ពិសេសតំបន់កណ្តាលរាជធានី នឹងរីកចម្រើនដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូ។ ចំណែកការទិញអចលនទ្រព្យ ឧទាហរណ៍ ដូចជា ការទិញបែបវិនិយោគដូចផ្សារហ៊ុន នឹងមានកំនើនខ្ពស់នាពេលអនាគតផងដែរ។
លោកបន្តថា អតិជននាពេលបច្ចុប្បន្ន បានទិញលក់អចលនទ្រព្យជាធម្មតា ប៉ុន្តែពួកគេមិនស្ថិតនៅក្នុងបំណែក ដែលបានរួមចំណែកធំដល់ទីផ្សារអចលនវត្ថុសកម្មនោះទេ៕