ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រោងចក្រនៅរាជធានីភ្នំពេញជាច្រើន បានផ្លាស់ប្តូរទីតាំងទៅតាំងទីកន្លែងថ្មី ដែលនៅឆ្ងាយពីទីក្រុង ធ្វើឱ្យតម្រូវការដីធ្លីនៅតំបន់ជាប់រាជធានីភ្នំពេញ កាន់តែមានកំណើនខ្ពស់ ក្នុងនោះដែរខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺ នឹងទទួលបានគម្រោងអភិវឌ្ឍន៍រោងចក្រច្រើនជាងគេ។
លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹង តាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ មករានេះថា ក្នុងពេលបច្ចុប្បន្ននេះ លោកបានមើលឃើញថារោងចក្រមួយចំនួន ដែលបានផ្លាស់ប្តូរពីរាជធានីភ្នំពេញ ទៅបោះទីតាំងនៅផ្លូវជាតិលេខ៣និងលេខ៤ច្រើន ហើយក្នុងនោះ ក៏មានគម្រោងរោងចក្រថ្មីៗជាច្រើនទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រវិនិយោគក៏បោះទីតាំងនៅក្នុងខេត្តកំពង់ស្ពឺដែរ ដែលធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ មានកំណើនខ្ពស់ ជាមួយនឹងតម្លៃដីធ្លី ក៏មានការកើនឡើងជាបន្តបន្ទាប់ដែរ ។
លោកបន្តថា ក្នុងឆ្នាំ២០២១កន្លងទៅគម្រោងរោងចក្រថ្មីៗ ជាច្រើននៅតែបន្តចូលមកក្នុងខេត្តកំពង់ស្ពឺ ដោយខ្លះបានបើកដំណើរការ និងខ្លះទៀតកំពុងសាងសង់ជាបណ្ដើរៗ នឹងអាចបើកដំណើរការនៅពេលអនាគតខាងមុខនេះ ក្នុងនោះដែរយើងបានឃើញថា នៅបណ្ដោយផ្លូវជាតិលេខ៥១ មានក្រុមហ៊ុនវិនិយោគជាច្រើន ចូលទៅបណ្ដាក់ទុនវិនិយោគ ហើយក្រុមហ៊ុនធំៗ ក៏ចាប់ផ្ដើមសង់រោងចក្រ ដើម្បីបើកទទួលក្រុមហ៊ុនវិនិយោគរោងចក្រពីបរទេសចូលទៅកាន់តំបន់នោះ ។ ក្រៅពីនោះតំបន់នៅផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ ដូចជា នៅផ្លូវលេខ៤១ ក្នុងស្រុកគងពិសី ក៏ឃើញថាមានសកម្មភាពផ្គត់ផ្គង់ដីធ្លីសម្រាប់សង់រោងចក្រច្រើនផងដែរ ។
លោកបន្ថែមថា តាមរយៈសកម្មភាពនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ បានកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ២០១៩មកតម្លៃដីធ្លីក្នុងខេត្តនេះ នៅតែបន្តងើបឡើង ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏ឃើញថាម្ចាស់ដី អត់មានបញ្ចុះតម្លៃលក់របស់ខ្លួនទេ ពោលគឺមានតែកើន ។
ជាមួយគ្នានេះ លោកឌឹត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងដែរថា នៅពេលដែលកំណើនប្រជាជន រស់នៅរាជធានីកាន់តែច្រើន ការរីកចម្រើនកាន់តែទៅមុខ រោងចក្រនឹងត្រូវផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុងជាស្វ័យប្រវតិ្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលកុងតឺន័រដឹកទំនិញចេញ និងចូលរោងចក្រ ឬនៅពេលកម្មករចេញពីធ្វើការ ។ ដោយឡែកដីនៅតំបន់ រោងចក្រនាពេលបច្ចុប្បន្ននេះ នឹងត្រូវអភិវឌ្ឍន៍ទៅជាផ្ទះល្វែង អគារការិយាល័យ ផ្សារទំនើបជាដើម ។
ជាការកត់សម្គាល់ តំបន់ឧស្សាហកម្មរោងចក្រ នៅតាមបណ្ដោយផ្លូវវេងស្រេង បានផ្លាស់ប្តូរបន្តិចម្ដងៗហើយ ដោយតំបន់នេះបានអភិវឌ្ឍន៍ទៅជាផ្សារទំនើប អគារពាណិជ្ជកម្ម និងផ្ទះពាណិជ្ជកម្មជាដើម។
ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មមួយចំនួន ដូចជាក្រុមហ៊ុនរបស់អ្នកឧកញ៉ាពុងឃាវ សែក៏បានត្រៀមទីតាំងថ្មី នៅតំបន់ផ្លូវ៥១ ដើម្បីត្រៀមទទួលរោងចក្រថ្មី និងចាស់ផ្លាស់ពីភ្នំពេញទៅកាន់ទីតាំងនោះ ៕