ដោយៈសុខុម
អន្តរជាតិៈ ឆ្នាំ២០២១ គឺជាឆ្នាំដែលនាំមកនូវការផ្លាស់ប្តូរយ៉ាងធំសម្បើម ខណៈបណ្ដារដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងសហគមន៍អន្តរជាតិបន្តព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កើឡើងដោយវិបត្តិកូវីដ-១៩។
ការផ្លាស់ប្តូរនេះ ក៏កើតមានយ៉ាងប្រាកដផងដែរ នៅក្នុងវិស័យអចលនទ្រព្យ ដែលអ្នកកាន់កាប់អចលនទ្រព្យ និងវិនិយោគិននៅអាស៊ី-ប៉ាស៊ីហ្វិក កំពុងប្រឹងប្រែងរិះរកវិធីសម្របខ្លួន ដើម្បីជំរុញកំណើនក្នុងឆ្នាំខាងមុខ។
ពេលនេះមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនៅក្នុងវិស័យអចលនទ្រព្យកំពុងចោលក្រសែភ្នែកសម្លឹងមើលថា តើស្ថានភាពទីផ្សារនាថ្ងៃអនាគត នឹងវិវឌ្ឍន៍ ទៅជាបែបណាសម្រាប់ឆ្នាំ២០២២ និងហួសពីនេះ។
យោងតាមរបាយការណ៍មួយដែលមានឈ្មោះថា “ទស្សនវិស័យទីផ្សារអចលនទ្រព្យអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២២” (2022 Asia Pacific Real Estate Market Outlook) របស់ក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យខ្នាតយក្សរបស់សហរដ្ឋអាមេរិក CBRE បានបង្ហាញថា ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យ ប្រភេទពាណិជ្ជកម្មនៅអាស៊ី-ប៉ាស៊ីហ្វិក បង្ហាញសញ្ញាវិជ្ជមានគួរឱ្យសាទរ។
របាយការណ៍នេះ បានធ្វើការវិភាគកាន់តែស៊ីជម្រៅ ទៅលើការព្យាករអំពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងទស្សនវិស័យអំពីនិន្នាការសំខាន់ៗ និងឱកាសទទួលបានកំណើន ក្នុងវិស័យការិយាល័យ វិស័យឧស្សាហកម្ម & ភ័ស្តុភារ វិស័យលក់រាយ និងវិស័យវិនិយោគផងដែរ។
*សេដ្ឋកិច្ចបន្តស្ទុះងើបឡើង
ទោះបីជាលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីយ៉ាងណាក្ដី ក៏កំនើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាប់ផ្ដើមមានសភាពប្រក្រតី និងវិលទៅរកកម្រិតមុន ពេលផ្ទុះវិបត្តិកូវីដ-១៩ ជាបណ្ដើរៗហើយ ជាមួយក្ដីរំពឹងទទួលបានកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់ពេញមួយឆ្នាំ ដែលនាំមុខដោយកំណើនយ៉ាងធំ នៅក្នុងប្រទេសឥណ្ឌា និងចិនដីគោក។
ក្ដីរំពឹងចំពោះអតិផរណា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានខុសៗគ្នា។ កម្រិតតម្លៃទំនិញ និងសេវាកម្មក្នុងតំបន់ គឺនៅថេរគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១ ហើយអតិផរណាភាគច្រើន ស្ថិតក្នុងជួររដ្ឋាភិបាល។
ការបញ្ចុះអត្រាការប្រាក់ទូទាំងតំបន់ ទំនងជានឹងនៅតែបន្ត ពេលដែលរដ្ឋាភិបាលនានា ស្វះស្វែងផ្តល់លក្ខខណ្ឌគាំទ្រ សម្រាប់ការស្ទុះងើបនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកដោយសារវិបត្តិកូវីដ-១៩ បានបណ្តាលឱ្យថ្លៃដឹកជញ្ជូនហក់ឡើងកាលពីឆ្នាំមុន។
យោងតាមការរំពឹងទុក ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់នឹងនៅតែបន្តកើតមានក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ប៉ុន្តែវានឹងវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ ចាប់ពីឆមាសទី២ទៅ ហើយទន្ទឹមនេះតម្លៃដឹកជញ្ជូន ក៏ទំនងជាធ្លាក់ចុះផងដែរនៅក្នុងឆ្នាំនេះ។
*វិស័យបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ នឹងជំរុញតម្រូវការការិយាល័យ
តម្រូវការការិយាល័យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានងើបឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១។
យោងតាមការព្យាករបានបង្ហាញថា សកម្មភាពជួលនឹងកើនឡើងរហូតដល់១០%នៅឆ្នាំនេះ នៅពេលក្រុមហ៊ុននានា មានទំនុកចិត្តក្នុងការវិលចូលការិយាល័យវិញ និងការអនុវត្តការធ្វើការងារខ្លះវេនគ្នាពីផ្ទះខ្លះ និងនៅការិយាល័យខ្លះ។
ទោះជាយ៉ាងណា វានឹងមិនឈានដល់កម្រិត មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ឡើយដោយសារថា ចិនដីគោក ទទួលបានកំណើនខ្ពស់ មិនធ្លាប់មានជាប្រវត្តិសាស្ត្ររួចទៅហើយ នៅក្នុងឆ្នាំ២០២១ ហើយសកម្មភាពក្នុងទីផ្សារចាស់ទុំជាច្រើនត្រូវបានរំពឹងថា នឹងមានសភាពស្ងប់ស្ងាត់ ដោយសារការផ្គត់ផ្គង់មានកម្រិត។
វិស័យបច្ចេកវិទ្យាបានវ៉ាដាច់ហិរញ្ញវត្ថុ ក្លាយជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជំរុញកំណើនតម្រូវការ ការិយាល័យក្នុងឆ្នាំ២០២១។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវែរ នឹងពង្រីកអាជីវកម្មច្រើនជាងគេ។
ទន្ទឹមនេះតម្រូវការជួលការិយាល័យ ពីសំណាក់ក្រុមហ៊ុនវេជ្ជសាស្ត្រនានា ក៏នឹងកើនឡើងផងដែរ។ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងត្រូវបានរំពឹងថានឹងជំរុញតម្រូវការការិយាល័យ។
*តម្រូវការកន្លែងស្តុកអីវ៉ាន់ត្រជាក់កើនឡើងខ្ពស់
យោងតាមអ្នកជំនាញបានរំពឹងទុកថា ឆ្នាំ២០២២នឹងក្លាយជាឆ្នាំដ៏រឹងមាំមួយទៀត សម្រាប់វិស័យអចលនទ្រព្យ ប្រភេទឧស្សាហកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អាជីវកម្ម E-Commerce នឹងបន្តជំរុញតម្រូវការ កន្លែងស្តុកអីវ៉ាន់ ប៉ុន្តែវិស័យដឹកជញ្ជូនគ្រឿងទេស វិស័យផលិតកម្មចំណីអាហារ និងវិស័យឱសថ នឹងជំរុញកំណើនខ្ពស់ជាងគេ។ ចំណុចនេះ នឹងធ្វើឱ្យតម្រូវការកន្លែងស្តុកអីវ៉ាន់ត្រជាក់ មានគុណភាពកើនឡើងខ្ពស់ ខណៈកន្លែងស្តុកអីវ៉ាន់បែបនេះ មិនទាន់ឈានដល់កម្រិតស្តង់ដារនៅឡើយ នៅប្រទេសជាច្រើនក្នុងតំបន់។
*ទីផ្សារលក់រាយកំពុងវិលទៅរកភាពប្រក្រតីឡើងវិញ
ខណៈការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង” កាលពីចុងឆ្នាំ២០២១ បានធ្វើឱ្យទស្សនវិស័យទីផ្សារលក់រាយ កាន់តែមានភាពស្រពិចស្រពិលបន្ថែមទៀត មានក្ដីរំពឹងថា តម្រូវការប្រើប្រាស់នឹងវិលទៅរកភាពប្រក្រតីឡើងវិញនៅឆ្នាំនេះ ជាពិសេសផ្នែកភេសជ្ជៈ & ចំណីអាហារ និងការកម្សាន្ត។
ទីតាំងល្អ នឹងក្លាយជាចំណុចផ្ដោតដ៏សំខាន់ សម្រាប់អ្នកលក់រាយ ដែលកំពុងសម្លឹងរកឱកាសពង្រីកអាជីវកម្ម ខណៈទីផ្សារផ្ដល់ការអនុគ្រោះដល់អ្នកជួលអំឡុងវិវត្តិកូវីដ-១៩។ អ្នកលក់រាយ នឹងព្យាយាមចរចាសុំបញ្ចុះថ្លៃឈ្នួលកាន់តែទាប និងរកទីតាំងកាន់តែល្អ។
ទោះជាយ៉ាងណា វិវត្តិកូវីដ-១៩ នឹងបន្តធ្វើឱ្យអ្នកលក់រាយអល់អែកសម្រាប់រយៈពេលខ្លី ដោយពួកគេមួយចំនួនធំ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តពង្រីកអាជីវកម្មទ្រង់ទ្រាយធំ។
*ការវិនិយោគនឹងកើនឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ
យោងតាមការព្យាករ ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ទំហំវិនិយោគ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពេលដែលទីផ្សារនៅតែមានសុទិដ្ឋិនិយម ដោយបណ្ដាវិនិយោគិន នៅមានដើមទុនគ្រប់គ្រាន់សម្រាប់ការវិនិយោគ។
ក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ CBRE បានព្យាករថា ទំហំវិនិយោគសរុបនឹងកើនឡើងពី៥% ទៅ១០% ដល់ប្រមាណ១៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដែលជាចំនួនប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រសម្រាប់តំបន់។
សរុបមក ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំនេះគឺមានភាពល្អប្រសើរច្រើន ដោយគ្រប់វិស័យមានឱកាសទទួលបានកំណើនខ្ពស់៕ South China Morning Post៕