វិភាគសង្គមៈ ការទទួលខុសត្រូវក្នុងការងារ និងក្រមសីលធ៌មវិជ្ជាជីវៈ

0

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ “អ្នកមានសមត្ថភាពពិតប្រាកដ មិនឈ្នះអ្នកឡេមឡឺម”។ ពាក្យនេះ ត្រូវបានគេលើកឡើងជារឿយៗ ក្នុងទិដ្ឋភាពសង្គមការងារនៅកម្ពុជា ប៉ុន្តែសំណួរនៅទីនេះ តើ់វាជាពាក្យត្រឹមត្រូវឬទេ?។

តាមពិតពាក្យនេះ បើយើងវិភាគទៅលើអត្ថន័យ នៃពាក្យនិមួយៗ វាមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។

បុគ្គលមានសមត្ថភាព
ជាធម្មតា មនុស្សមានសមត្ថភាពខ្ពស់ មិនថានៅក្រុមហ៊ុនឬនៅបំពេ​ញការងារ តាមស្ថាប័នរបស់រដ្ឋាភិបាលនោះទេ ពួកគេភាគច្រើនគិតទៅលើគុណភាពការងារច្រើន និងចំណាយពេលច្រើនលើការងារ។ ហេតុនេះពួកគេ មិនសូវមានពេលយកចិត្តមេដឹកនាំ ឬបំពេញចំណង់ចំណូលចិត្តអ្នកដឹកនាំបានល្អឡើយ។

នេះជាចំណុចគ្រោះថ្នាក់មួយផងដែរ ព្រោះតាមស្ថាប័នឯកជន ឬរដ្ឋាភិបាលក្តី មេដឹកនាំតែងតែចង់ឲ្យបុគ្គលិក ឬកូនចៅរបស់ខ្លួនដឹងពីចំណង់ចំណូលចិត្ត ឬយល់ពីអ្វីដែលលើសពីការងារប្រចាំថ្ងៃ។ ឧទាហរណ៍ ពេលមានកម្មវិធីជប់លៀងក្រុមហ៊ុន កូនចៅដឹងថា មេត្រូវការអ្វី និយមអាហាររបៀបណា និងគ្រឿងស្រវឹងបែបណាជាដើម។

ផ្ទុយទៅវិញ បើយើងជាបុគ្គលិកបំពេញ ការងារបានល្អហើយ ពួកគេក៏ត្រូវតែយល់ពីការងារសង្គមមួយចំនួនដែរ ប៉ុន្តែអ្វីដែលជាសេចក្តីត្រូវការរប​ស់ស្ថាប័ន គឺបុគ្គលិកមាន “ចំណេះ ជំនាញ ការទទួលខុសត្រូវលើការងារ និងសីលធ៌មវិជ្ជាជីវៈ”។

ដូច្នេះ ការគិតតែបំពេញការងារ ដោយមិនខ្វល់ពីធ្វើឲ្យមានទំនាក់ទំនងល្អជាមួយមេដឹកនាំ ក៏មានលទ្ឋផលមិនសូវល្អផងដែរ ទាក់ទងនឹងការដំឡើងប្រាក់ខែ ការដំឡើងដំណែងជាដើម។

បុគ្គលឡេមឡឺម ជាទូទៅនិយោជិត ឬបុគ្គលិកប្រភេទនេះ មិនសូវមានសមត្ថភាពលើការងារ​ច្រើននោះទេ ប៉ុន្តែក៏អាចករណីខ្លះ បុគ្គលបែបនេះក៏មានសមត្ថភាពផងដែរ ហើយបន្ថែមពីនោះ ជាបុគ្គលដែលយល់ និងអាចដឹងចិត្តមេដឹកនាំរបស់ខ្លួនមានរសនិយមបែបណា នៅពេលម៉ោងបំពេញការងារ ពេលប្រជុំ ពេកសំរាក និងពេលមានកម្មវិធីសប្បាយៗ ដែលរៀបចំឡើងដោយក្រុមហ៊ុន ឬលក្ខណៈឯកជន។

បុគ្គលឡេមឡឺម ដែលមានបញ្ញា ទេពកោសល្យ ពូកែដឹងខាងផ្នែកចិត្តសាស្រ្តបែបនេះ ជាមនុស្សពូកែទំនាក់ទំនងល្អ ក្នុងសង្គមការងារ និងសង្គម​ខាងក្រៅ ដែលនេះជាចំណុចជោគជ័យមួយ ដែលអ្នកបំពេញការងារនៅតាមស្ថាប័នឯកជន ឬស្ថាប័នរដ្ឋាភិបាលគួរសិក្សាស្វែងយល់ផងដែរ។

បុគ្គលបែបនេះ ច្រើនតែទទូលបានការលើកទឹកចិត្ត ជាការដំឡើងប្រាក់ខែ ការដំឡើងឋានៈតួនាទី និងអាចទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន ដែលពួកគេ​បំពេញការងារផងដែរ។

យោជិតមានចំណេះ និងជំនាញ
នៅក្នុងស្ថាប័នការងារ ដូចលើកឡើងខាងលើ ការមានចំណេះដឹង ជំនាញ ទេពកោសល្យ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវក្រេឌីតការងារនៅស្ថាប័ន ដែលខ្លួនបំពេញការងារ ដើម្បីជួយជម្រុញឲ្យស្ថាប័ន ដែលខ្លួនបំពេញទទួលបានភាពរីកចម្រើន។

មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Alibaba ដ៏ល្បីល្បាញបាននិយាយថា “អ្នកគួរធ្វើការងារដំបូងជាមួយក្រុមហ៊ុនតូចៗ ប៉ុន្តែមានមេដឹកនាំដែលចេះជួយតំរង់ផ្លូវ និងបណ្តុះបណ្តាល និងត្រូវធ្វើការងារឲ្យបានល្អបំផុត មុនពេលអ្នកចាប់ផ្តើមការងារនៅក្រុមហ៊ុនធំៗ”។

ចំណុចនេះ នៅក្នុងទិដ្ឋភាពការងារ ពិតជាមានសារៈសំខាន់ណាស់ ដែលបុគ្គលិកនិមួយៗ ត្រូវបំពេញឲ្យបានល្អ នៅពេលក្រុមហ៊ុនរីកចម្រើន ធំធាត់ ពួកគេអាចទទួលបានការដំឡើងប្រាក់ខែ ទទួលបានការលើកសរសើរ ទទួលបានការដំឡើងដំណែង និងអាចទទួលបានចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន ដែលខ្លួនធ្វើការផងដែរ បើសិនជាអ្នកជួបមេដឹកនាំល្អ និងមានសុភវវិនិច្ឆ័យ ដែលដឹងថា វត្តមានរបស់អ្នកនឹងជួយឲ្យ ក្រុមហ៊ុនទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។

ការទទួលខុសត្រូវនិងក្រមសីលធ៌ម
នៅក្នុងការបំពេញការងារ និយោជិត ឬបុគ្គលិក ដែលមានចំណេះដឹង ជំនាញ ប៉ុន្តែបើពួកគេខ្វះការទទួលខុសត្រូវ និងក្រមសីលធ៌ម ពួកគេនឹងអាចបំផ្លាញអនាគតរបស់ខ្លួន និងកាន់តែធ្ងន់ធ្ងរ ពួកគេអាចជាអ្នកបំផ្លាញក្រុមហ៊ុន និងអាចឈានទៅជាប់ទោសខណ្ឌ ដោយសារទង្វើរអសីលធ៌ម ឬការមិនទទួលខុសត្រូវរបស់ខ្លូនក្នុងការងារផងដែរ។

គ្មានមេដឹកនាំណា មិនស្រលាញ់ មិនអោបក្រសោបបុគ្គលិករបស់ខ្លួន ដែលមានសមត្ថភាព មានជំនាញ ទេពកោសល្យ មានការទទួលខុសត្រូវលើការងារ និងក្រមសីមធ៌មឡើយ។

ប៉ុន្តែមានបុគ្គលិកមួយចំនួន ជាបុគ្គលមានអត្តចរិក ចរិយាសម្បត្តិមិនល្អ ពួកគេមិនត្រឹមមិនបំពេញការងារមិនល្អនោះទេ ជួនកាលពួកគេលូចមើលបំណាំ ឬនិយាយអាក្រក់ពីមេរបស់ខ្លួនថែមទៀត ដោយភ្លេចពួកគេជាអ្នកបំពេញការងារនៅទីណា និងត្រូវទទួលខុសត្រូវលើការងារបែបណា ព្រំដែនការងារនៅត្រឹមចំណុចនា និងគួរឆែកកម្រិតក្រមសីលធ៌មពួកគេបែបណា ។

ប្រសិនជាថ្នាក់ដឹកនាំក្រុមហ៊ុន ឬស្ថាប័័នសាធារណៈមួយរកឃើញបុគ្គលមិនមានទំនួលខុសត្រូវលើការងារ និងគ្មានក្រមសីលធ៌ម ការណែនាំគួរត្រូវបានធ្វើឡើង ប៉ុន្តែក្នុងករណីមិនកែប្រែ ពួកគេគួរត្រូវបណ្តេញចេញពីការងារជាបន្ទាន់ ដើម្បីកុំឲ្យបុគ្គលបែបនេះ បង្កបញ្ហាដល់ស្ថាប័នរបស់ខ្លួន ឬដល់អង្គភាពនៃស្ថាប័នជាតិណាមួយ។

គ្មានការទទួលខុសត្រូវ និងសីលធ៌ម ស្មើនឹងគ្រោះថ្នាក់
បុគ្គលគ្មានចរិយាធ៌ម និងសីលធ៌ម និងគ្មានការទទួលខុសត្រូវលើការ​ងារ ពួកគេអាចពូកែនិយាយ ប៉ុន្តែការនិយាយមិនបង្ហាញ ពីសីលធ៌មរបស់់ពួកគេឡើយ។

“លទ្ឋផល និងគុណភាពការងារ បង្ហាញពីគុណភាពចំណេះ​ដឹង។ ជំនា​ញ និងលទ្ឋផល នៃការគិតរបស់ពួកគេ។ ទង្វើមិនទទួលខុសត្រូវក្នុងការងារ បង្ហាញពីកម្រិតក្រមសីលធ៌មរបស់ពួកគេ ហើយកំហុសក្នុងការ​ងារដដែលៗមានន័យថា កម្រិតក្រមសីលធ៌ម និងការទទួលខុសត្រូវលើការងាររបស់ពួកគេ ក្រុមហ៊ុនឬស្ថាប័ននោះនឹងមានហានិភ័យ។

ដូច្នេះចំណេះ ជំនាញ ជាស្ពាន ការទទួលខុសត្រូវជាគោលដៅ ចក្ខុវិស័យ។ ចំណែកក្រមសីលធ៌ម ជាថាមពលមិនចេះរីកស្ងួត ក្នុងការជម្រុញការឈានឡើងរបស់ខ្លូនឯង និងស្ថាប័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here