ដោយៈ សុផារី
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ គម្រោងនានានៅតាមបណ្តោយផ្លូវជាតិលេខ៥១ មានសភាពទ្រឹង ខណៈសកម្មភាពទិញលក់ដីធ្លី និងតម្លៃដីធ្លី នៅតាមបណ្តោយផ្លូវនេះ នៅមានកំណើនជាប់ជាប្រចាំ។
លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារនិងលក់នៃក្រុមហ៊ុន PIXIU Property បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តាមការធ្វើ Survey របស់លោកបានរកឃើញថា នៅតាមផ្លូវជាតិលេខ៥១ ក្នុងរយៈពេល២ ទៅ៣ខែចុងក្រោយនេះ ពុំមានគម្រោងថ្មីនោះទេ តែសកម្មភាពនៃការអភិវឌ្ឍនៅតែបន្តមានសកម្មភាពជាធម្មតា គ្រាន់តែមានសកម្មភាពយឺត។
សព្វថ្ងៃនេះ មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ មួយចំនួនបានចូលទៅអភិវឌ្ឍន៍និង បាននិងកំពុងតែលេចចេញ ជារូបរាងបណ្តើរៗហើយ ជាអាទិ៍ គម្រោងលំនៅឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោងបុរី TEL និងគម្រោងកម្រិតមធ្យមជាច្រើនទៀត។
ក្រៅពីនេះ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី៦០០ហិកតាមានរោងចក្រ និងលំនៅឋាន ដែលមិនទាន់ឃើញ មានការប្រកាសលក់ជាផ្លូវការនៅឡើយ តែលោករំពឹងថាអាចនឹងចាញជារូបរាងក្នុងពេលឆាប់ៗនេះផងដែរ។
ចំណែកការទិញលក់ដីធ្លីនៅក្នុងតំបន់ផ្លូវនេះ នៅតែមានសន្ទុះកើនឡើងនៅក្នុងដើមឆ្នាំ២០២២នេះ នោះបីជាការអភិវឌ្ឍគម្រោងអចលនទ្រព្យនានាមិនមានការកើនឡើងក្តី។
កន្លងមក មានការរំពឹងថា ការលក់អចលនទ្រព្យប្រភេទលំនៅឋាននៅតាមតំបន់នេះ នឹងមានការកើនឡើង។ តែតាមជាក់ស្ដែង គិតរហូតមកត្រឹមចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ នៅមិនទាន់ឃើញមានសញ្ញាការកើនឡើងនៅឡើយទេ៕