ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនFURI Real Eststeបានប្រកាសលក់ការិយាល័យកម្រិត A Plus នៃគំរោង The PEAK ដែលជាគំរោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ស្របតាមទស្សនទានអភិវឌ្ឍសម័យថ្មី។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបង្ហាញគំរោងការិយាល័យប្រណីត នៃគម្រោងThe PEAK កាលពីថ្ងៃទី២០ កញ្ញាកន្លងមកថា ក្រុមហ៊ុន FURI បានទិញយកផ្នែកការិយាល័យនៃគំរោងដ៏ធំនេះ ដែលចាប់ផ្តើមពីជាន់ទី១៣A ដល់ជាន់ទី២៨ នៃអាគារសណ្ឋាគារ Shangri_La។

នៅក្នុងអាគារនេះផ្នែកជាន់ខាងក្រោមជាផ្សារទំនើប ជាន់កណ្តាលជាការិយាល័យ និងជាន់ខាងលើចាប់ពីជាន់ទី២៩ដល់ជាន់ទ៥៤ជាសណ្ឋា គារកម្រិតផ្កាយ៥។ បច្ចុប្បន្នការិយាល័យក្នុងអាគារនេះលក់អស់បានជាង៧០ភាគរយហើយ។
កញ្ញាបន្តថា “អាគារការិយាល័យនេះ យើងផ្តោតលើការលក់ជូនអតិថិជន និងជួលត្រលប់ពីអតិថិជនវិញ ដោយផ្តល់ប្រាក់ចំណូលចន្លោះ១៣០០ទៅ១៥០០ដុល្លារក្នុងមួយយូនីត”។ កញ្ញាបន្តថា “ទីផ្សារការិយាល័យនៅតំបន់នេះ ជាតំបន់មានភាពទាក់ទាញបំផុត ព្រោះតំបន់កោះពេជ្រជាតំបន់ ដែលមានខុនដូរាប់ម៉ឺនយូនីតដែលបានបញ្ចប់ និងកំពុងសាងសង់នៅតំបន់នេះ។
គំរោង THe PEAK ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយមានខុនដូចំនួន១១១៤យូនីត មានផ្សារទំនើបកម្រិតស្តង់ដាអន្តរជាតិ មានសណ្ឋាគារ ការិយាល័យ និងសេវាកម្មជាច្រើនទៀត។ គំរោងនេះបានសាងសង់ដល់ជាង២៨ហើយ ក្នុងគំរោងកំពស់៥៤ជាន់។







