ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ទោះបីស្ថានភាពកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះនៅមិនទាន់បានបញ្ចប់ទាំងស្រុងដែរ ប៉ុន្តែអ្នកអភិវឌ្ឍន៍ចាប់ផ្តើមមានសុទិដ្ឋិនិយមអាចដំណើរការវិនិយោគរបស់ខ្លួនឡើងវិញបណ្ដើរៗបាន។
លោក ពៅ លីដា អគ្គនាយកនៃក្រុមហ៊ុន LD Property Investment និង ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងឆ្នាំ២០២២នេះជាឆ្នាំមួយអាចនិយាយបានថាល្អជាងពីរឆ្នាំកន្លងទៅ គឺឆ្នាំ២០២០និងឆ្នាំ២០២១ ថ្វីត្បិតតែកូវីដ១៩នៅមិនទាន់បញ្ចប់ក្ដី។ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យអាចចាប់ផ្ដើមជម្រុញគម្រោងរបស់ខ្លួនបណ្ដើរៗ ដោយមិនចាំបាច់ទាល់តែកូវីដ១៩បានបញ្ចប់នោះទេ។
លោកបន្តថា ក្នុងឆ្នាំ២០២០ និង២០២១ម្នាក់ៗសុទ្ធតែជួបបញ្ហា ហើយក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចក៏ឃើញថាចាប់ផ្ដើមងើបឡើងវិញបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមអនុវត្តគម្រោងរបស់ខ្លួននិងអាចបន្តសកម្មភាពជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗ។
លោកថា ”ផលប៉ះពាល់ពីកូវីដ១៩ក្នុងឆ្នាំ២០២២នេះ យើងនៅតែមានបង្កផលប៉ះពាល់ជៀសមិនផុត ប៉ុន្តែអ្វីដែលសំខាន់គឺ ប្រជាពលរដ្ឋយើងជាច្រើនទទួលបានវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ទាំងដូសទី១ទី២ និងទី៣រហូតដល់អ្នកខ្លះបានចាក់៤ដូសទៅហើយ”។
លោកបន្តទៀតថា រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក៏បានប្រកាសជាច្រើនផងដែរពីវិធានការ ជម្ងឺកូវីដ១៩ ហើយប្រជាពលរដ្ឋក៏ត្រូវចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ ដោយអនុវត្តន៍ទៅតាមវិធានការ៣ការពារ៣កុំ ទើបអាចឱ្យសេដ្ឋកិច្ចរបស់យើងបានប្រសើរឡើងវិញ។ អ្នកអភិវឌ្ឍន៍ អាជីវករនានាក៏ចាប់ផ្ដើមដំណើរការវិនិយោគនិងអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មដែរ ដែលអាចឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២នឹងអាចប្រសើរឡើងជាលំដាប់។
លោកបន្ថែមថា លោកលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុ ចូលរួមស្វែងយល់ពីពត៍មានផ្សេងៗ ពាក់ព័ន្ធផ្លូវច្បាប់អំពីដំណើរការអភិវឌ្ឍន៍ គោលការណ៍និតិវិធីផ្សេងៗ ក្នុងឆ្នាំ២០២២នេះ ដែលចេញដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានភាពច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ និងសេវ៉ាកម្មបានល្អ ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបង្ហាញពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះនឹងមានសន្ទុះឡើងវិញ ក្នុងរង្វង់៥,៦ភាគរយ ហើយនឹងបន្តងើបឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៣ ខណៈ២០២១កន្លងទៅកំណើនក៏បានត្រលប់មកជាវិជ្ជមានឡើងវិញ ក្នុងរង្វង់៣ភាគរយ៕