ដោយ៖ សុខុម
ហុងកុង: តុលាការប្រទេសចិន បានបង្គាប់ឱ្យបង្កកទ្រព្យសម្បត្តិចំនួន១០១លានដុល្លារអាមេរិក ដែលកាន់កាប់ដោយបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស China Evergrande Group។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ កុម្ភៈ ឱ្យដឹងថា បុត្រសម្ព័ន្ធនៃក្រុមហ៊ុន Evergrande នៅក្រុងឈឹងទូ (Chengdu) បានទទួលរងបណ្ដឹងពីក្រុមហ៊ុនម៉ៅការសាងសង់ Shanghai Construction Group កាលពីខែធ្នូ ចុងឆ្នាំ២០២១ ពីបទមិនទូទាត់សងថ្លៃសាងសង់។
ហើយជាលទ្ធផល តុលាការក្រុងគ័ងចូវ (Guangzhou) ដែលទទួលដោះស្រាយពាក្យបណ្ដឹងនេះបានបង្គាប់ឱ្យបង្កកទ្រព្យសម្បត្តិរួមមានទាំងប្រាក់ផ្ញើនៅធនាគារ និងអចលនទ្រព្យផដែរ។
ដោយឡែកពីនេះ ក្រុមហ៊ុន Shanghai Construction Group បាននិយាយកាលពីសប្តាហ៍មុនថា តុលាការក្រុងគ័ងចូវ បានបង្កកទ្រព្យសម្បត្តិចំនួន៥៧លានដុល្លារអាមេរិក របស់បុត្រសម្ព័ន្ធមួយទៀតនៃក្រុមហ៊ុន Evergrande នៅខេត្តជាំងស៊ូ (Jiangsu) ពីបទមិនទូទាត់ប្រាក់តាមកាលកំណត់។
ក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការជាច្រើនបានចាប់ផ្ដើមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោកជាមួយនឹងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ពីបទខកខាន ឬ ទូទាត់សងយឺតយ៉ាវ។
ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនដេគ័រកាន់តែច្រើនឡើងក៏កំពុងសម្រុកលក់ចេញទ្រព្យសកម្មផងដែរ ពេលបញ្ហាបំណុលនៅក្រុមហ៊ុន Evergrande និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀតធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនមានបញ្ហាសាច់ប្រាក់។
ដើម្បីងាយស្រួលត្រួតពិនិត្យ និងគ្រប់គ្រងការងាររៀបចំឡើងវិញរបស់អាជ្ញាធរនូវបំណុលរបស់ក្រុមហ៊ុន Evergrande ពាក្យបណ្តឹងទាំងអស់នៅទូទាំងប្រទេសដែលដាក់ប្ដឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ ត្រូវបានដោះស្រាយដោយតុលាការក្រុងគ័ងចូវ ចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០២១។
ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Shanghai Construction Group មកលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន៕