តម្លៃដីធ្លីនៅតំបន់ក្រុងរណបកោះនរាហ៍មានកំណើនខ្ពស់ ខណៈស្ពានឆ្លងពីកោះពេជ្រកំពុងដំណើរការ

0

ដោយ៖ សុផារី

ភ្នំពេញៈ គម្រោងក្រុងរណបថ្មី កោះនរាហ៍ បាននិងកំពុងកែប្រែសោភ័ណភាពនិងបង្ហាញវឌ្ឍនៈភាពដ៏អស្ចារ្យដែលជាសមិទ្ធផលថ្មីនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជំរុញឱ្យតម្លៃដីធ្លីនៅលើកោះមួយនេះមានកំណើនហក់ឡើងស្ទើមិនគួរឱ្យជឿ។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះថា ដីធ្លីនៅលើកោះនរាហ៍ជាមធ្យមមានតម្លៃប្រហែល៣២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

បើប្រៀបធៀបនឹងតម្លៃដីធ្លីកាលពី២ឆ្នាំមុន ពេលចាប់ផ្តើមគម្រោងសាងសង់នានានៅលើកោះនេះ តម្លៃដីធ្លីមានការកើនឡើងប្រហែល ៣០ភាគរយ។

តម្លៃដីដែលកើនឡើងខ្ពស់នេះ ជាចំណែកមួយនៃកំណើនតម្រូវការដីធ្លីក្នុងការសាងសង់នូវអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងរីកដុះដាលដូចផ្សិតនៅលើកោះនៃក្រុងរណបដ៏អស្ចារ្យមួយនេះ។

លោកស្រី សុធីតា បានបន្តថា “តំបន់កោះនរាហ៍ជាតំបន់កោះថ្មីដែលមានទាំង Commercial និង Residential ផង។ ជាពិសេស វាពិតជាពិបាកក្នុងការស្វែងរកដីនៅតាមបណ្តោយមាត់ទន្លេ ដែលមានចំនួនតិចតួច និងឃើញថាមានតម្រូវការច្រើន”។

គម្រោងក្រុងរណបថ្មី ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយម្ខាងនៃរាជធានីភ្នំពេញខ័ណ្ឌចែកដោយទន្លេបាសាក់ ស្របគ្នានឹងទីក្រុងរណបកោះពេជ្រនេះ កំពុងវិនិយោគដោយក្រុមហ៊ុន OCIC មានទំហំផ្ទៃដីសរុប១២៥ហិកតា។ ចំណែក ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរានឹងបញ្ចប់ការសាងសង់នៅអំឡុងខែតុលា ឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here