តម្លៃលំនៅដ្ឋានក្នុងសហរដ្ឋអាមេរិកបានហក់ឡើងខ្ពស់ក្នុងខែមករាឆ្នាំ២០២២

0
aerial view of south florida suburban residential area

ដោយៈសុខុម

ញូវយ៉ក: តម្លៃលំនៅដ្ឋានក្នុងសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ក្នុងខែមករា ដើមឆ្នាំ២០២២ ខណៈចំនួនផ្ទះដែលមានសម្រាប់ ផ្គត់ផ្គង់ក្នុងទីផ្សារបានធ្លាក់ចុះខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។

យោងតាមសមាគមអចលនទ្រព្យជាតិ (National Association of Realtors) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមកាលពីខែមករា គឺ៣៥០.៣០០ដុល្លារ ក្នុងមួយខ្នង/យូនីត ដោយហក់ឡើងថ្លៃ១៥,៤%ធៀបនឹងឆ្នាំ២០២១។

នេះមិនមែនជាការហក់ឡើងថ្លៃខ្ពស់បំផុតទេ បើធៀបនឹងតម្លៃផ្ទះជាមធ្យម៣៦២.៨០០ដុល្លារ ក្នុងមួយខ្នង/យូនីតកាលពីខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែវាជាការហក់ឡើងថ្លៃខ្ពស់បំផុតសម្រាប់ខែមករា។

ការលក់ផ្ទះមានស្រាប់ដែលរួមមាន ផ្ទះសម្រាប់១គ្រួសាររស់នៅ ផ្ទះប្រភេទ Townhouse និងខុនដូផងដែរនោះ បានកើនឡើង៦,៧%កាលពីខែធ្នូ ប៉ុន្តែបានធ្លាក់ចុះធៀបនឹងមួយឆ្នាំមុន ដែលភាគច្រើនដោយសារមិនសូវមានផ្ទះលក់។

កាលពីចុងខែមករា ចំនួនផ្ទះដែលមានសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានធ្លាក់ចុះទាបមិនធ្លាប់មាន មកនៅត្រឹម៨៦០.០០០ខ្នង/យូនីត ដោយធ្លាក់ចុះ១៦,៥%ធៀបនឹងឆ្នាំ២០២១ ហើយនេះជាតួលេខទាបបំផុតចាប់តាំងពីសមាគមអចលនទ្រព្យជាតិ បានចាប់ផ្ដើមអង្កេតតាមដាន ក្នុងឆ្នាំ១៩៩៩ មក៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here