ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងទាក់ទាញគំរោងវិនិយោគដីឡូត៍លំហែរកាន់តែច្រើន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយសារមានទីតាំងកៀកនឹងរាជធានីភ្នំពេញ ជាប់នឹងខេត្តកណ្តាល បានធ្វើឲ្យស្រុកសាមគ្គីមានជ័យ ទាក់ទាញគំរោងវិនិយោគលើដីឡូត៍លំហែរកាន់តែច្រើននាពេលបច្ចុប្បន្ននេះ។

អគ្គនាយកក្រុមហ៊ុនស៊ីឌីលែនដ៏ លោក Thomas បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយសារការរីកចម្រើនសេដ្ឋកិច្ចជាតិ ការ​កសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវជាតិលេខ៥ ដែលបាននិងកំពុងសាងសង់ ជិតបញ្ចប់ដោយក្រុមហ៊ុនជប៉ុន បានធ្វើឲ្យស្រុកសាមគ្គីមានជ័យ មានភាពទាក់ទាញការវិនិយោគកាន់តែច្រើន។

លោកបន្តថា “ស្រុកសាមគ្គីមានជ័យ ប្រៀបបីដូចជាកូនក្រមុំកំពុងតែងខ្លួន ដែលនឹងទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ”។ លោកបន្តថា “នៅពេលផ្លូវជាតិលេខ៥បញ្ចប់​ការសាងសង់ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ និងតំបន់ផ្លូវរណបផ្សេងៗទៀតនឹងកាន់តែឡើងថ្លៃ”។

លោក Thomas បានបន្តថា ការរីកចម្រើននូវជីវភាពប្រជាពលរដ្ឋ បានធ្វើឲ្យទីផ្សារដីឡូត៍លំហែរកើនឡើង ទាំងប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយស្រុកសាមគ្គីមានជ័យ ជាទីតាំងមានភាពអំ ណោយផលដល់ការវិនិយោគ ដោយសារហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងដោយសារការធ្វើដំណើរងាយស្រួល និងចំណាយពេលត្រឹមកន្លះម៉ោងពីរាជធានីភ្នំពេញ។

អភិបាលរងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកសួន សុខារិទ្ឋីបានមានប្រសាសន៍ក្នុងពិធីចូលរួមសម្ភោធ គំរោងដីឡួត៍លំហែរភូមិចំការដូងរីសតគំរោងទី៤ ដែលមានទំហំផ្ទៃដីជាង៤០ហិកតា កាលពីថ្ងៃទី២០ កុម្ភៈកន្លងមកថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យឯកជនជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ជាពិសេសតាមការព្យាករណ៍របស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិជាច្រើន បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ នឹងសម្រេចជាង៥ភាគរយនៅ​ឆ្នាំនេះ។

លោកបន្តថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ខេត្តកំពង់់ឆ្នាំង ពីសេសស្រុកសាមគ្គីមានជ័យទាក់ទាញគំរោងវិនិយោគច្រើន លើដីឡូត៍លំហែរ ពីសំណាក់វិនិយោគិនជាតិ ដែលបានជ្រើសរើសទីតាំងនេះ ដែលជាតំបន់មានសក្តានុពលធនធា​នធម្ម​ជាតិ និងការកសាងហេដ្ឋារចនាសម្ព័នរបស់រាជរដ្ឋាភិបាល បានកាន់​តែប្រសើរ ដែលបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំំណើរ។

ទោះជាយ៉ាងណាលោកមិនទាន់ បង្ហើបឲ្យដឹងពីចំនួនក្រុមហ៊ុនអចល​នទ្រព្យ ដែលបាននិងកំពុងវិនិយោគនៅស្រុកនេះនៅឡើយទេ ដោយលោកបានមានប្រសាសន៍ថា បច្ចុប្បន្នថ្នាក់ឃុំ កំពុងប្រមូលចងក្រងទិន្នន័យនៅតាមមូលដ្ឋានរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here