ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តម្រូវការដីធ្លី សម្រាប់អ្នកមានលុយក្នុងខេត្តកំពត ហាក់មានកំណើនលើការទិញ លក់ទៅអតិថិជន ដែលមានចំណូលមធ្យម ខណៈសកម្មភាពនៃការពុះឡូត៏ សម្រាប់ជាដីឡូត៏លំហែ នៅក្នុងខេត្តនេះ កំពុងមានកំណើនខ្ពស់។
លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ កុម្ភៈនេះថា តម្រូវការដីសម្រាប់សង់ជាផ្ទះលំហែកាយ នៅក្នុងខេត្តកំពត ឃើញថាហាក់មានកំណើនខ្ពស់ និងនៅតែមានតម្រូវការ ដូចជា ដីនៅតាមមាត់ព្រែក និងមានទំហំធំៗកន្លះហិចតា និងមួយហិចតាជាដើម ។
លោកបន្តថា “គម្រោងមួយចំនួនបានធ្វើឱ្យប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍ដីធ្លី ជាច្រើននៅក្នុងខេត្តកំពត ដូចជា បានឃើញស្រាប់មានគម្រោងខ្លះលក់យកលុយហើយអត់មានដីឱ្យអតិថិជន ដីខ្លះអត់ប្លង់ ហើយក៏មានអតិថិជនតវ៉ារឿងដីអត់មានប្លង់ ឬទិញដីមិនបានដីជាដើម”។
យ៉ាងណាក្ដី លោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពតបានបង្ហាញទស្សនផ្ទាល់ពីនេះទៅវិញ ដោយលោកយល់ឃើញថាសកម្មភាពនៃការពុះដីឡូត៏លំហែ នៅក្នុងខេត្តកំពតហាក់មានការគាំទ្រច្រើនពីអតិថិជន ជាពិសេសអតិថិជនមកពីភ្នំពេញ សម្រាប់សង់ផ្ទះលំហែកាយក្នុងនោះតំបន់មាត់ព្រែក តំបន់ភ្នំ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋក្នុងទិញដើម្បីអភិវឌ្ឍន៍ ។
លោកបន្តថា មានគម្រោងលំហែជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់នៅក្នុងខេត្តកំពត ក្នុងនោះមានគម្រោងខ្លះក៏ជាប់គាំង គម្រោងខ្លះទៀតក៏បន្តហើយគម្រោងខ្លះ ហាក់មិនសូវសកម្មប៉ុន្មាននោះទេ ។ ទោះបីជាសកម្មភាពវិនិយោគិនអភិវឌ្ឍន៍ លើគម្រោងដីឡូត៏ និងផ្ទះលំហែច្រើនក៏ដោយក៏មើលឃើញថាតម្លៃ ដីធ្លីសម្រាប់អភិវឌ្ឍន៍លើផ្នែកនេះ មិនមានការឡើងថ្លៃប៉ុន្មាននោះទេ៕