ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺក្លាយជាទីតាំងអភិវឌ្ឍន៍ដីធ្លីដ៏មានសក្ដានុពល

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បាននិងកំពុងក្លាយជាតំបន់ ដែលមានការអភិវឌ្ឍលើវិស័យដីធ្លី ដ៏មានសក្ដានុពលនៅក្នុងប្រទេស ខណៈខេត្តទាំងពីរ ក៏មានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ និងមានផ្លូវស្រួលធ្វើដំណើរចេញពីភ្នំពេញផងដែរ។

អ្នកជំនាញ ជំរុញឱ្យវិនិយោគិនដីធ្លី អាចងាកទៅតំបន់នៃខេត្តទាំងពីរ ដើម្បីរកប្រាក់ចំណេញ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២២ កុម្ភៈថា ដោយសារតែដីធ្លីនៅក្នុងរាជធានីភ្នំពេញ និងនៅជិតភ្នំពេញ កាន់តែមានតម្លៃខ្ពស់ឡើង ធ្វើឱ្យវិនិយោគិនលើវិស័យដីធ្លី ជាច្រើនបានងាកទៅតំបន់ ដែលមានតម្លៃទាបក្នុងនោះខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាខេត្តដែលមានសក្ដានុពលខ្ពស់មួយក្នុងការវិនិយោគលើដីធ្លី ។

លោកបន្តថា “ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាខេត្តដែលតម្លៃដីធ្លីនៅមានកម្រិតទាបនៅឡើយ ហើយអ្នកវិនិយោគអាចវិនិយោគលើដីធ្លី ដើម្បីទទួលបាន ប្រាក់ចំណេញច្រើន ហើយនៅពេលអនាគតដីធ្លី នៅក្នុងតំបន់នេះក៏នឹងមានការអភិវឌ្ឍកាន់តែខ្លាំង”។

លោកប៉ូ អ៊ាវគង់ បានបន្តទៀត សកម្មភាពនៃការអភិវឌ្ឍដីធ្លី នៅក្នុងខេត្តទាំងពីរនេះ មួយចំនួនជាការអភិវឌ្ឍដី ដែលពួកគាត់បានទិញតាំងពីយូរមកហើយ ហើយក៏ពិបាកក្នុងការលក់ដីទាំងដុំទាំងមូល ក៏សម្រេចពុះជាចម្រៀកៗ ដើម្បីលក់ឆាប់ដាច់ ដូច្នេះហើយទើបយើងមើលឃើញថា សកម្មភាពនៃការពុះជាឡូត៏ ការអភិវឌ្ឍដីធ្លីនៅតំបន់ទាំងនោះក៏បានកម្រើកឡើង។

លោកបន្ថែមថា ការអភិវឌ្ឍផ្លូវជាតិលេខ៥ និងផ្លូវមួយចំនួននៅក្នុងតំបន់នេះក៏ជាកត្តាមួយ ដែលជួយឱ្យសកម្មភាព និងសក្ដានុពលនៃការអភិវឌ្ឍនៅក្នុងតំបន់ទាំងនោះ ទទួលបានការចាប់អារម្មណ៍ច្រើន។

បើតាមអ្នកអភិវឌ្ឍន៍ដីធ្លីមួយចំនួននៅតំបន់ទាំងនេះ ក៏បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំនេះដែរ ដោយបានបង្ហាញពីកត្តាមួយចំនួន ដែលពួកគេសម្រេចបោះទុនវិនិយោគលើវិស័យដីធ្លីក្នុងតំបន់ទាំងនោះ។

លោកថូ ម៉ាសអគ្គនាយកក្រុមហ៊ុនស៊ីឌីលែនបានឱ្យដឹងថា លោកបានមើលឃើញពីឱកាសខ្ពស់ ក្នុងការអភិវឌ្ឍដីធ្លីនៅតំបន់មួយ នៃខេត្តកំពង់ឆ្នាំងគឺស្រុកសាមគ្គីមានជ័យ ដែលធ្វើឱ្យលោកបានសម្រេចបណ្ដាក់ទុន វិនិយោគនៅទីនោះ។

លោកបន្តថា “ផ្លូវជាតិលេខ៥ ដែលកំពុងសាងសង់នៅពេលនេះ នឹងក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយផ្លូវនេះក៏បានឆ្លងកាត់តំបន់ឧត្តុង និងស្រុកសាមគ្គីមានជ័យ ដែលជាតំបន់មានសក្ដានុពលមួយក្នុងពេលបច្ចុប្បន្ននិងអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here