ដំណឹងល្អៈ រដ្ឋាភិបាលត្រៀមដាក់ចេញផែនការដើម្បីឲ្យអគារជាប់គាំងនៅក្រុងព្រះសីហនុសាងសង់ឡើងវិញ

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលត្រៀមដាក់ចេញផែនការថ្មី ដើម្បីសាងសង់អគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុឡើងវិញ។

លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការជំរុញនិងការដាក់ចេញផែនការ សាងសង់អគារជាប់គាំងនៅក្រុងព្រះសីហនុឡើងវិញ ធ្វើឡើងតាមរយៈការទាក់ទាញអ្នកវិនិយោគថ្មីៗ ឱ្យបន្ដសាងសង់អគារខ្ពស់ៗ ដែលមិនទាន់បញ្ចប់ ខណៈដែលអគារខ្ពស់ៗ នៅខេត្តព្រះសីហនុជាច្រើន បានផ្អាកការសាងសង់ បន្ទាប់ពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើង។

លោកបន្តថា “អគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍ យើងនឹងទាក់ទាញអ្នកវិនិយោគមកបន្ត ឬលក់ទៅឱ្យអ្នកផ្សេង ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រតិបត្តិការឡើងវិញ”។

រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយខេត្តព្រះសីហ​នុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារអន្តរក្រសួង រៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លី សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលសក្តានុពល។

ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងថា អចលនទ្រព្យ នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលមួយ ដើម្បីឲ្យទីផ្សារស្រូបយកឡើងវិញ ដោយសារការផ្គត់ផ្គង់មានចំនួនច្រើន បើធៀបនឹងតម្រូវការទីផ្សារ។

អ្នកស្រីបន្តថា យ៉ាងណាការវិនិយោគនៅក្រុងព្រះសីហនុ ពិសេសការ​សាងសង់ឡើងវិញ នូវអគារប្រមាណ១២០០ ដែលបានជាប់គាំង គឺមានឱកាសនិងបញ្ហាប្រឈម ទី១ ឱកាស គឺដែលអ្នកមានទុនច្រើនអាចទិញយកអគារជាប់គាំង បានក្នុងតម្លៃល្អនាពេលនេះ ប៉ុន្តែចំណុចទី២ តើបើសាងសង់បញ្ចប់អ្នកណាជាអ្នកទិញ និងអ្នកណាជាអ្នកជួល?៕

LEAVE A REPLY

Please enter your comment!
Please enter your name here