ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបាន និងកំពុងទាក់ទាញមនុស្សជាច្រើន បានចូលប្រឡូកដើម្បីរកប្រាក់ចំណេញ ហើយក៏មានមនុស្សមួយចំនួនទទួលបានជោគជ័យ ពីការប្រឡូកក្នុងវិស័យនេះ និងមួយចំនួនទៀត ក៏មិនបានជោគជ័យទៅតាមអ្វីដែលខ្លួនប្រាថ្នា។
គ្រូបង្គោលនៃវិស័យអចលនទ្រព្យ ប្រចាំក្រុមហ៊ុនមួយបានបញ្ជាក់ថាការកសាងទំនុកចិត្ត មានសារសំខាន់ណាស់ ក្នុងការប្រឡូកវិស័យអចលនទ្រព្យ ដែលអ្នកប្រឡូកក្នុងវិស័យនេះត្រូវតែមាន។
លោកព្រាប កុល គ្រូបង្គោលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា ការកសាងទំនុកចិត្តគឺជាទុនមួយដ៏សំខាន់ ក្នុងការលក់អចលនទ្រព្យ ក៏ដូចជាការវិនិយោគក្នុងវិស័យនេះ ហើយនៅពេលមានទំនុកចិត្តខ្ពស់ និងមានការទុកចិត្តពីមនុស្សជាច្រើន នោះនឹងធ្វើឱ្យការវិនិយោគការលក់ អចលនទ្រព្យរបស់បុគ្គលនោះនឹងទទួលបានការជោគជ័យខ្ពស់ផងដែរ ។
លោកបន្តថា “ដើម្បីទទួលទំនុកចិត្តពីអ្នកណាម្នាក់ យើងត្រូវការកសាងទំនាក់ទំនងជាមួយមនុស្សឱ្យបានច្រើន ហើយការកសាងទំនាក់ទំនងយើងត្រូវតែបង្កើតទំនាក់ទំនងឱ្យបានល្អ និងបង្ហាញពីភាពស្មោះត្រង់ចំពោះដៃគូទំនាក់ទំនងរបស់យើងដែរ”។ លោកបន្តថា “បើសិនជាយើងមិនមានទំនាក់ទំនងល្អៗ ជាមួយអ្នកដែលមានសក្ដានុពល ក្នុងការទិញអចលនទ្រព្យហើយនោះ យើងក៏មិនអាចឈានទៅដល់ ការកសាងទំនុកចិត្តដែរ ព្រោះមិនដឹងថាយើងផ្ដល់ទំនុកចិត្តទៅអ្នកណា”។
លោកព្រាប កុលបានបន្ថែមថា ចង់ឱ្យជំនួញរបស់យើងទទួលបានជោគជ័យ យើងត្រូវការពេលវេលា ដើម្បីកសាងទំនាក់ទំនង ទំនុកចិត្ត មិនមែនយើងប្រឡូកវិស័យនេះភ្លាម ហើយយើងចង់បញ្ចប់កិច្ចសន្យាលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារនោះទេ។ ជំនាញមួយទៀត ដែលភ្នាក់ងារអចលនទ្រព្យទទួលបានជោគជ័យនោះ គឺជាអ្នកពូកែសម្របសម្រួល គឺជួយឱ្យអ្នកលក់បន្ទាន់បញ្ចុះតម្លៃបន្តិច អ្នកទិញហ៊ានឡើងថ្លៃបន្តិច នោះការលក់នឹងត្រូវរូវគ្នា ហើយយើងនឹងអាចបញ្ចប់ការលក់ ដោយជោគជ័យផងដែរ ។
លោកបន្ថែមថា “ភាពស្មោះត្រង់ ការគោរពគ្នាទៅវិញទៅមក ក៏ជាកត្តាសំខាន់មួយ ក្នុងការកសាងទំនុកចិត្ត និងជាបាតគ្រឹះនៃការចូលរួមប្រឡូកក្នុងជំនួញអចលនទ្រព្យ ជាអ្នកសម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ”។ លោកបន្តថា “យើងត្រូវចាំថាលុយ គឺជាផ្នែកមួយតែប៉ុណ្ណោះសម្រាប់អ្នកមានលុយ ។ អ្នកមានគេត្រូវការមនុស្សដែលពូកែ ធ្វើឱ្យគេសប្បាយចិត្ត ជាអ្នកដែលមានភាពស្មោះត្រង់ជាមួយ ហើយនៅពេលគេទុកចិត្តលើអ្នកណាម្នាក់ ហើយគេមិនស្ដាយនឹងការចំណាយនោះទេ”។
ចំណែកលោកឃីម សុខហេង ទីប្រឹក្សាសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តួនាទីជាភ្នាក់ងារអចលនទ្រព្យគឺមានសារសំខាន់ណាស់ ពីព្រោះពួកគេបានជួយដល់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជាពិសេសនោះគឺជួយដល់ធនាគារផងដែរ។ ដូច្នេះភ្នាក់ងារនេះត្រូវតែមានក្រមសីលធម៌ ត្រូវតែមានចំណេះដឹង ជំនាញ ច្បាស់លាស់”៕