ដោយៈសុខុម
ប៉េកាំង: តម្លៃលំនៅដ្ឋានថ្មីក្នុងប្រទេសចិន បានហក់ឡើងបន្តិចក្នុងខែកុម្ភៈ កន្លងទៅ បន្ទាប់ពីធ្លាក់ថ្លៃក្នុងខែមករា ដើមឆ្នាំ២០២២ ហើយនេះគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យចិន។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវឯកជនមួយ ដែលបានបង្ហាញនៅថ្ងៃអង្គារ ទី០១ មីនា នេះ។
យោងតាមទិន្នន័យពីក្រុមហ៊ុន China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិន បង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០ បានហក់ឡើង០,០៣%ក្នុងខែកុម្ភៈ បន្ទាប់ពីធ្លាក់ថ្លៃ០,០១%ក្នុងខែមករា។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ចាប់ផ្ដើមមានលំនឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំ២០២១ នៅពេលរដ្ឋាភិបាល ចាប់ផ្តើមបន្ធូរបន្ថយនិយ័តកម្មរួមទាំងការអនុញ្ញាត ឱ្យអ្នកទិញផ្ទះដំបូងបង់ប្រាក់មុន (Down Payment) តិចជាងមុន សម្រាប់ការទិញបង់រំលស់ ការបញ្ចុះអត្រាការប្រាក់លើឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) និងការបញ្ចុះពន្ធលើប័ណ្ណកម្មសិទ្ធិ អចលនទ្រព្យផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយកាលពីខែមុនថា ពេលនេះក្រុមហ៊ុនអចលនទ្រព្យនានា ក៏អាចប្រើប្រាស់ប្រាក់បានពីការលក់ Pre-sale ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន ងាយស្រួលជាងមុនផងដែរ ហើយចំណាត់ការនេះធ្វើឡើង ដើម្បីសម្រាលវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ នៅក្នុងវិស័យអចលនទ្រព្យចិន។
ទីក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) ខៃខេត្តគ័ងតុង ឬក្វាងទុង (Guangdong) ភាគខាងត្បូងក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) បានហក់ឡើងថ្លៃខ្ពស់ជាងគេប្រចាំខែ០,៦២%នូវតម្លៃលំនៅដ្ឋានថ្មីក្នុងចំណោមទីក្រុងចំនួន១០០កាលពីខែមុន។
ទីក្រុងសៀងហៃ ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេយ៉ាងចឺ (Yangtze River Delta) បានហក់ឡើង០,២៣ធៀបនឹងខែមករា ដោយលើសអត្រានៅក្រុងប៉េកាំង ដែលហក់ឡើងថ្លៃ០,០២%។
លោក Cao Jingjing នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន China Index Academy បានលើកឡើងថា សភារបស់ប្រទេសចិន នឹងកោះប្រជុំនៅចុងសប្តាហ៍នេះ ហើយតាមការរំពឹងទុកគោលនយោបាយ ថ្នាក់មូល ដ្ឋានបន្ថែមទៀត នឹងដាក់ចេញដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។
លោក Cao Jingjing បានលើកឡើងបន្ថែមទៀតថា រដ្ឋបាលមូល ដ្ឋានមួយចំនួន អាចនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ដើម្បីជំរុញតម្រូវការក្នុងទីផ្សារ៕ Reuters៕