ខណ្ឌសែនសុខក្លាយទីតាំងលក់រាយថ្មីមួយ នៅរាជធានីភ្នំពេញ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌសែនសុខ បាននិងកំពុងក្លាយជាទីតាំងលក់រាយនៃទំនិញជាច្រើននៅក្នុងរាជធានីភ្នំពេញ ខណៈតំបន់មួយនេះ ក៏បាននិងកំពុងមានការអភិវឌ្ឍ លំនៅឋានតម្លៃខ្ពស់ៗដ៏មានសក្ដានុពល នៅក្នុងរាជធានីភ្នំពេញផងដែរ។

តំបន់មួយចំនួនក្នុងមូលដ្ឋាននេះ ត្រូវបានមើលឃើញថា មានការអភិវឌ្ឍលើផ្សារទំនើបធំៗជាច្រើន ដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបគ្លូបលហៅស៍ ផ្សារទំនើបម៉ាក្រូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយចំនួនផងដែរ ។តំបន់នេះក៏មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើនបានសម្លឹងទៅលើតំបន់មួយនេះ ។

លោកបណ្ឌិតគីម ហ៊ាង វិនិយោគិនអចលនទ្រព្យមួយនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍កន្លងមកថា តំបន់ខណ្ឌសែនសុខ មានការប្រែប្រួលខ្លាំង នៅក្នុងរយៈចុងក្រោយនេះ ទាំងតម្លៃដីធ្លី និងការអភិវឌ្ឍអចលនទ្រព្យ។ កត្តាដែលជំរុញឱ្យតំបន់នេះ មានការអភិវឌ្ឍលឿនបែបនេះយើងឃើ​ញថា មានគម្រោងធំៗរបស់រដ្ឋជាច្រើន បានបោះទីតាំងនៅតំបន់នោះ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិ និង គម្រោងផ្សារទំនើបធំៗជាច្រើន។

នៅក្នុងតំបន់នេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាន់តែច្រើនផងដែរ ដែលជាការសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិនិយោគិនជាដើម ហើយតំបន់នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀតនៅពេលអនាគតខាងមុខនេះ ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ទីតាំងមានមនុស្សរស់នៅច្រើន ទីនោះនឹងមានតម្រូវការប្រើប្រាស់សម្ភារៈនៅក្នុងផ្ទះ និងប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះទើបមានការវិនិយោគទៅលើផ្សារទំនើប និងហាងលក់រាយ ជាក់ស្ដែងតាមបទពិសោធន៍នាពេលកន្លងមក ទីណាមានបណ្ដុំមនុស្សរស់នៅកាន់តែច្រើនទីតាំងលក់រាយក៏មានច្រើនដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here