ដំណឹង​ល្អ៖ រយៈពេល១ថ្ងៃ ក្រុមហ៊ុន​ចិនធំៗចំនួន៩ ប្រកាស​វិនិយោគ​នៅ​កម្ពុជា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុនធំៗភាគច្រើន​មកពី​ប្រទេស​ចិន ចំនួន៩បានប្រកាស​ចុះបញ្ជីរ​វិនិយោគ​នៅ​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​វេទិកា​បូ​អាវ​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ប្រារ​ព​ពិធី​បើក​កាលពី​ថ្ងៃទី២៦ កញ្ញា​កន្លងមកនេះ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៧ កញ្ញា​នេះ​ថា តាមរយៈ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ និង​មើលឃើញ​កាលានុវត្តន៍​ភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​ចំនួន៩បានប្រកាស​ចុះបញ្ជីរ ក្រុមហ៊ុន​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក។លោក​ឧកញ៉ា​បាន​បន្តថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនោះ បាន​ជួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង និង​បាន​សាកសួរ​ព៌​ត​មាន​អំពី​កន្លែង​ចុះបញ្ជីរ​ក្រុមហ៊ុន ដើម្បី​ពួកគេ​អាច​ចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

លោក​ឧកញ៉ា​បាន​បន្តថា “ក្រុមហ៊ុន​ទាំងនោះ នឹង​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស អចលនទ្រព្យ ការធ្វើ​ជំនួញ​តាម​បច្ចេកវិទ្យា​ជាដើម។លោក​បន្តថា “គោលដៅ​នៃ​វេទិកា​នេះ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ​របស់​ប្រទេស​ជា​សមាជិក ដែល​បច្ចុប្បន្ន​មាន​ប្រទេស​ជាង២០ហើយ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​បូ​អាវ។

វេទិកា​បូ​អាវ​នៅ​កម្ពុជា បានរៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ដោយមាន​ការចូលរួម​ពី​ឥស្សរជន​ថ្នាក់ដឹកនាំ និង​អ្នកជំនួញល្បីៗនៅ​កម្ពុជា មក​មកពី​ប្រទេស​ជា​សមាជិក​ជាង២០ និង​មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន២០០។

ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​ថ្លែង​ពី​កាលានុវត្តន៍​ភាព និង​ឳ​កាស​វិនិយោគ​នៅ​កម្ពុជា ពិសេស​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពប្រសើ​រ​ឡើង ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ។

លោក​បន្តថា “ទន្ទឹមនឹង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង កម្ពុជា​រំពឹង​នឹង​ទទួលបាន​ទុនវិនិយោគ​ដោយផ្ទាល់ ពី​បរទេស​កើន​ដល់៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១៩ខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here