ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនធំៗភាគច្រើនមកពីប្រទេសចិន ចំនួន៩បានប្រកាសចុះបញ្ជីរវិនិយោគនៅកម្ពុជា បន្ទាប់ពីពួកគេបានចូលរួមវេទិកាបូអាវនៅទីក្រុងភ្នំពេញ ដែលបានប្រារពពិធីបើកកាលពីថ្ងៃទី២៦ កញ្ញាកន្លងមកនេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កញ្ញានេះថា តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ និងមើលឃើញកាលានុវត្តន៍ភាពនៃការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនចំនួន៩បានប្រកាសចុះបញ្ជីរ ក្រុមហ៊ុនដើម្បីវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។លោកឧកញ៉ាបានបន្តថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះ បានជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងបានសាកសួរព៌តមានអំពីកន្លែងចុះបញ្ជីរក្រុមហ៊ុន ដើម្បីពួកគេអាចចាប់ផ្តើមវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានបន្តថា “ក្រុមហ៊ុនទាំងនោះ នឹងវិនិយោគលើវិស័យបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស អចលនទ្រព្យ ការធ្វើជំនួញតាមបច្ចេកវិទ្យាជាដើម។លោកបន្តថា “គោលដៅនៃវេទិកានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះរបស់ប្រទេសជាសមាជិក ដែលបច្ចុប្បន្នមានប្រទេសជាង២០ហើយ បានចុះឈ្មោះចូលជាសមាជិកបូអាវ។
វេទិកាបូអាវនៅកម្ពុជា បានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំ និងអ្នកជំនួញល្បីៗនៅកម្ពុជា មកមកពីប្រទេសជាសមាជិកជាង២០ និងមានក្រុមហ៊ុនចូលរួមចំនួន២០០។
ឧបនាយករដ្ឋមន្ត្រីហោ ណាំហុងដែលអញ្ជើញជាអធិបតីក្នុងពិធីនេះបានថ្លែងពីកាលានុវត្តន៍ភាព និងឳកាសវិនិយោគនៅកម្ពុជា ពិសេសបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ។
លោកបន្តថា “ទន្ទឹមនឹងលំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើង កម្ពុជារំពឹងនឹងទទួលបានទុនវិនិយោគដោយផ្ទាល់ ពីបរទេសកើនដល់៦ពាន់លានដុល្លារនៅឆ្នាំ២០១៩ខាងមុខនេះ”៕