តើអ្នកណាជាស្ថាបត្យករគូរបង់អគារ Tower Of The Arab ដែលមានរាងដូចជាក្តោង?

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ការនឹកស្រម៉ៃ នឹងច្នៃប្រឌិតហួសហេតុ ទំនងមិនមែនជាសមិទ្ឋផលនៃស្ថាបត្យកម្មអស្ចារ្យទេ ជាក់ស្តែងអគារល្បីៗលើពិភពលោក សុទ្ឋតែជាអគារ ដែលសាងសង់មានរូបរាងយកលំនាំតាមសត្វ ធម្មជាតិ និងតាមរូបរាងឧបករណ៍ប្រើប្រាស់។

ជាក់ស្តែងលោក Tom Wright ដែលជាអ្នកឌីហ្សាញអគារដ៏ល្បីឈ្មោះ Tower of the Arabs ក្នុងទីក្រុងឌូបៃ គឺលោកបានឌីសាញអគារមានរូបរាងដូចជាក្តោង។

តើលោក Tom Wright មានប្រវត្តិបែបណា? លោកកើតថ្ងៃទី 18 ខែកញ្ញា ឆ្នាំ១៩៥៧ ជាស្ថាបត្យករជនជាតិអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជាអ្នកឌីហ្សាញអគារដ៏ល្បីឈ្មោះ Burj Al Arab (Tower of the Arabs) ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

លោក Wright បានសិក្សានៅសាលា Royal Russell ហើយបន្ទាប់មកបន្តការសិក្សានៅសាលា Kingston Polytechnic school of Architecture។

លោក Wright បានចូលជាសមាជិកនៃស្ថាប័ន Royal Institute of British Architects ក្នុងឆ្នាំ១៩៩៣ ​និងបានក្លាយជាស្ថាបត្យករអាជីពនៅឆ្នាំដដែល ហើយបានក្លាយជាប្រធានផ្នែកស្ថាបត្យកម្ម របស់ក្រុមហ៊ុន Atkins ក្នុងឆ្នាំ១៩៩១។

លោក Wright បានក្លាយជានាយកឌីហ្សាញ (design director) សម្រាប់គម្រោងរមណីយដ្ឋាន Jumeirah Beach Resort ក្នុងទីក្រុងឌូបៃ ហើយបានឌីហ្សាញអគារ Burj Al Arab (Tower of the Arabs) ក្នុងពេលនោះផងដែរ។

អគារ Burj Al Arab (Tower of the Arabs) ត្រូវបានបង្កើតឡើងដើម្បីជានិមិត្តរូបតំណាង អត្តសញ្ញាណឱ្យទីក្រុងឌូបៃ ដូចទៅនឹងអគារ Sydney Opera House បញ្ជាក់អត្តសញ្ញាណឱ្យទីក្រុងស៊ីដនី ហើយអគារ Eiffel Tower បញ្ជាក់អត្តសញ្ញាណឱ្យទីក្រុងប៉ារីសជាដើម។

អគារនេះត្រូវបានសាងសង់ឡើង ដោយបំផុសគំនិតពីរូបរាងនាវានៃប្រពៃណីអារ៉ាប់ឈ្មោះ dhow ដើម្បីឆ្លុះបញ្ចាំងពីបេតិកភណ្ឌសមុទ្រ របស់ទីក្រុងឌូបៃ ដោយរួមបញ្ចូលជាមួយ នឹងទិដ្ឋភាពទំនើបឆ្ពោះទៅអនាគត។

អគារ Burj Al Arab (Tower of the Arabs) គឺជាសណ្ឋាគារដ៏ប្រណិតបំផុតមួយ នៅក្នុងពិភពលោក និងទទួលឈ្មោះជាសណ្ឋាគារលំ​ដាប់ផ្កាយ៧ ដំបូងគេដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

វាត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 1994 នៅលើកោះសិប្បនិមិត្តនិងបើកជាសាធារណៈ ក្នុងឆ្នាំ១៩៩៩មានកម្ពស់៣២១ម៉ែត្រដោយចំណាយទឹកប្រាក់អស់ប្រមាណ១០០០លានដុល្លារ។

លោក Tom Wright បានរស់នៅក្នុងទីក្រុងឌូបៃ កំឡុងពេលឌី ហ្សាញ និងសាងសង់គម្រោងអគារដ៏ល្បីនេះ ក្នុងនាមជានាយកឌីហ្សាញរបស់ក្រុមហ៊ុន Atkins។

ក្នុងឆ្នាំ២០១៣ លោក Tom Wright, លោក Geku George និង លោក Hakim Khennouchi បានចាកចេញពីក្រុមហ៊ុន Atkins ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា WKK មានទីស្នាក់ការនៅក្រុង Epsom តំបន់ Surrey ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here