ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្ថាបត្យកម្មស្ពានដ៏ស្រស់ស្អាតមួយ ត្រូវបានបង្ហោះតៗគ្នានៅលើបណ្តាញទំនាក់ទំនងសង្គម ដែលខ្លះនិយាយថា វាជាគម្រោងស្ពានឆ្លងពីផ្សាររាត្រី ទៅកាន់តំបន់អរិយក្សត្រ។
ប្រសិនវាជាស្ថាបតត្យកម្មស្ពានគំរូពិតប្រាកដ ស្ពាននេះពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយវានឹងជា Landmark ពិតប្រាកដ ដែលមិនត្រឹមតែលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញនោះទេ ប៉ុន្តែវានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីរាត្រីថ្ងៃទី៤ មិនាកន្លងមកថា លោកមិនមានព៌តមានពីស្ពាននេះ និងបានឃើញរូបរាងស្ពានថ្មីនេះនៅឡើយទេ ប៉ុន្តែតាមលោកដឹងស្ពាននេះ នឹងមានសណ្ឋានស្រដៀងគ្នា នឹងស្ពានត្សឹបាសា ឬស្ពានអ្នកលឿងសព្វថ្ងៃនេះ។
លោកបន្តថា “តាមព៌តមានខ្ញុំទទួលបាន គឺស្ពាននេះនឹងមានសរសេរដ៏ខ្ពស់មួយ ដែលមានភាពស្រដៀងនឹងស្ពានអ្នកលឿង”។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានចារអនុម័តរួចហើយ នូវការជ្រើសរើសទីតាំាំងស្ពានមិត្តភាពកម្ពុជា កូរ៉េដែលនឹងសាងសង់ចេញពីចំណុចផ្សាររាត្រី ទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ទឹកដីអរិយក្សត្រ ដែលតំបន់នេះនឹងកាត់ចូលដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕