ដោយៈវឌ្ឍនៈ
ភ្នំពេញៈ មួយរយៈចុងក្រោយនេះ មានទាំងឧកញ៉ានិងប្រជាពលរដ្ឋជាច្រើន បានប្រកាសពីការលក់ដីធ្លីរបស់ខ្លួន ក្នុងតម្លៃដែលអះអាងទាបជាងទីផ្សារ។
ការប្រកាសលក់ដីធ្លីក្នុងតម្លៃទាបជាងទីផ្សារ អ្នកជំនាញអះអាងថានឹងមិនបះពាល់ដល់ទីផ្សារទាំងមូលនោះទេ។
អ្នកជំនាញនិងភ្នាក់ងារដីធ្លីប្រចាំខេត្តកំពតលោកសុខ គែនបានឱ្យដឹងថា លោកបានមើលឃើញពីការប្រកាសលក់ដីធ្លី របស់អ្នកមានដីធំៗមួយចំនួន និងប្រជាពលរដ្ឋដែលមានដីខ្នាតតូចជាច្រើន ដោយដាក់លក់ក្នុងទាបជាងទីផ្សារ។ ការលក់បែបនេះ ដោយសារតែពួកគាត់ត្រូវការលុយបន្ទាន់ ដើម្បីដោះស្រាយបញ្ហាអ្វី តែជាទូទៅ ដីដែលមានហាងឆេងល្អ និងម្ចាស់មិនមានបញ្ហាហិរញ្ញវត្ថុ គឺនៅតែមានតម្លៃខ្ពស់ទៅតាមទីផ្សារជាក់ស្ដែង។
ដូច្នេះការប្រកាសលក់ដីធ្លីទាំងនោះ នឹងមិនប៉ះពាល់អ្វីដល់ទីផ្សារដីធ្លីទាំងមូលនោះឡើយ ។
លោកបន្តថា “អ្នកដែលមានលុយពេលនេះ គឺមានជម្រើសច្រើនក្នុងការរង់ចាំទិញដីណាមានតម្លៃល្អ ពីអ្នកលក់ដែលមានបញ្ហា និងត្រូវការលក់បន្ទាន់”។ លោកបន្ថែមថា “បើសិនជាម្ចាស់ដីមិនមានបញ្ហាតម្លៃនៅតែដដែល មិនធ្លាក់ចុះនោះឡើយ។ យ៉ាងណាក្ដី អ្នកដែលប្រកាសលក់ដីធ្លីក្រោមទីផ្សារនៅក្នុងខេត្តកំពត មិនមានច្រើនរហូតធ្វើឱ្យមានបញ្ហាទីផ្សារនោះដែរ”។
ចំណែកលោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យក៏បានឱ្យដឹងថា រាល់ថ្ងៃនេះមានភ្ញៀវជាច្រើនរង់ចាំទិញតែដី ដែលម្ចាស់ត្រូវការលក់បន្ទាន់ៗ ពីព្រោះគិតថាដីដែលម្ចាស់គេ ត្រូវការលក់បន្ទាន់ច្បាស់ ជាមានតម្លៃទាបជាងទីផ្សារ តែសម្រាប់ដីដែលត្រូវប៉ាន់ ដែលនៅតំបន់អភិវឌ្ឍន៍ តម្លៃវាមិនក្រោមទីផ្សារទេ ផ្ទុយទៅវិញដីទាំងនោះមានតែឡើងថ្លៃបន្តទៅវិញ ។
លោកបន្តថា “សកម្មភាពនៃការទិញដីធ្លី នៅតែបន្តមានសកម្មភាពទាំងតាមបណ្ដាខេត្តនិងភ្នំពេញ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ ជាពិសេសដីនៅតំបន់ខ្លះឃើញថាមានតម្លៃខ្ពស់បន្ថែមទៀត ធៀបនឹងមុនពេលមានវិបត្តិកូវីដ”។
ជាការកត់សម្គាល់ដីធ្លី ស្ថិតនៅក្នុងតំបន់ ដែលគ្រោងនឹងមានការអភិវឌ្ឍគម្រោងរបស់រដ្ឋ និងឯកជនមួយចំនួនបានបន្តឡើងថ្លៃ ហើយអ្នកវិនិយោគដីធ្លីជាច្រើន ក៏បានសម្លឹងមើលពីឱកាស នៃការវិនិយោគដីធ្លីសម្រា់បទុកលក់ចំណេញវិញនៅពេលអនាគត ព្រោះអ្នករកស៊ីដីធ្លី មានឃ្លាមួយថា មនុស្សកើតរាល់ថ្ងៃតែដីមិនកើតទៀតទេ៕