ក្រុមហ៊ុនអចលនទ្រព្យមួយប្រើប្រាស់បញ្ញានិម្មិត AI ក្នុងវិស័យអចលនទ្រព្យកម្ពុជា

0

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Z1 Data Co., Ltd កំពុងប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យនៅក្នុងផ្នែកមួយចំនួន ជំនួសឱ្យការប្រើប្រាស់នូវកម្លាំងមនុស្ស។

នេះបើតាមការឱ្យដឹងរបស់ លោក Arshad Khan ដែលជាសហគ្រិន និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តទិន្ន័យ (data science) និងបច្ចេកវិទ្យាបញ្ញានិម្មិត AI (Artificial Intelligence) មកពីសហរដ្ឋអាមេរិក ក្នុងឱកាសដែលលោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Z1 Data Co., Ltd នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក Arshad Khan មានបទពិសោធន៍ជិត២០ឆ្នាំ លើការដឹកនាំ និងអភិវឌ្ឍន៍ប្រព័ន្ធសូវែ (software development) ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI ។

លោកបានឱ្យដឹងនៅក្នុងកម្មវិធីតែងតាំងនោះថា កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យ សុទ្ធសឹងតែអាចប្រើប្រាស់បញ្ញានិម្មិត AI ដើម្បីពង្រឹ​ងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។

លោកបានបញ្ជាក់ថា “កម្មវិធីទាំងនោះមានជាឧទាហរណ៍ ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យ​ប្រវត្តិ​កម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យ នាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត”។

ក្រុមហ៊ុននេះបានឱ្យដឹងថា វត្តមានរបស់លោក Arshad Khan នឹងពាំនាំនូវជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យា ជាពិសេសបច្ចេកវិទ្យាអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុន Z1 Data Co., Ltd ជាក្រុមហ៊ុនបង្កើតក្នុងស្រុក ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd ដែលជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា និងមានឯកទេសខាងប្រើប្រាស់បញ្ញានិម្មិតAI ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចល​នទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here