ដោយៈវិវត្តន៍
ភ្នំពេញៈ ស្របពេលការផ្គត់ផ្គង់កំពុងកើនឡើង និងលំហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស ស្ថិតក្នុងសភាពទ្រឹង បានធ្វើឲ្យតម្រូវការនិងនិន្នាការជួលអគារការិយាល័យ ស្ថិតក្នុងសភាពទ្រឹង។
អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៩ មិនាកន្លងមកថា ទីផ្សារការិយាល័យ បានធ្លាក់ចុះទាំងតម្រូវការជួល និងតម្លៃបានធ្លាក់ចុះចន្លោះពី១០ទៅ១៥ភាគរយ ហើយទំហំនៃការជួលក៏រួមតូចជាងមុន ដែលពីមុនតម្រូវការស្ថិតក្នុងរង្វង់២០០ម៉ែត្រការ៉េឡើង ប៉ុន្តែបច្ចុប្បន្នទំហំនៃតម្រូវការគឺ១០០ម៉ែត្រការ៉េជាមធ្យម។
អ្នកស្រីបន្តថា “ការធ្លាក់ចុះតម្លៃ និងទំហំនេះ ក៏ដោយសារកត្តាពីរគឺ មិនមានក្រុមហ៊ុនអន្តរជាតិចូលមក និងការផ្គត់ផ្គង់កើនឡើង ដែលធ្វើឲ្យទីផ្សារកាន់តែមានភាពប្រកួតប្រជែង”។ អ្នកស្រីបន្តទៀតថា “ក្នុងស្ថានភាពបែបនេះ តម្រូវការអគារការិយាល័យ បានផ្លាស់ប្តូរពី Grand A និង B ទៅកាន់កម្រិត Grand B និង C វិញផងដែរ”។
អ្នកស្រីអាន សុធីតា បានបន្តទៀតថា ទោះជាយ៉ាងណាតម្រូវការទីផ្សារការិយាល័យ មានសញ្ញាងើបឡើងវិញខ្លះផងដែរ សម្រាប់ការពង្រីកខ្លួនរបស់ក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែមិនមានកំណើនជាដុំកំភួននោះទេ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារការិយាល័យ ពិតជាមានការងើបឡើងវិញ ប៉ុន្តែវាមិនមានសញ្ញាគួរឲ្យកត់សំគាល់នោះទេ ប៉ុន្តែលោកបានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារនិងតម្រូវការនឹងងើបឡើងវិញនាពេលខាងមុខឆាប់ៗនេះ នៅពេលសេដ្ឋកិច្ចងើបឡើង ហើយវិបត្តិនានានឹងត្រូវបញ្ចប់។
លោកបន្តថា “ទោះជាយ៉ាងណាយើងឃើញថា តម្រូវការការិយាល័យកម្រិត B នៅតែមានតម្រូវការខ្ពស់ជាងផ្នែកដទៃទៀត ស្របពេលដែលតម្លៃបានធ្លាក់ចុះបន្តិចបន្តួច”៕