ដោយៈ សុផារី
កំពតៈ តំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ បាននិងកំពុងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើទីផ្សារដីឡូតិ៍និងផ្ទះលំហែកាយ ខណៈតម្លៃដីធ្លីតំបន់នេះ កំពុងឡើងថ្លៃរួចទៅហើយ។
អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញលើវិស័យអចលនទ្រព្យ បានមើលឃើញថា តំបន់នេះជាទីតាំងមានសក្តានុពលលើការអភិវឌ្ឍ ដោយសារផ្លូវជាតិលេខ៤៣នេះតភ្ជាប់ពីផ្លូវលេខ៤ ពីខេត្តកំពង់ស្ពឺត្រង់ចំណុចត្រែងត្រយឹង មកផ្លូវជាតិលេខ៣ ជិតទីរួមខេត្តកំពត។
លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate និងជាម្ចាស់គម្រោងបូកគោលែន ដែលបានជ្រើសរើសទីតាំងផ្លូវជាតិលេខ៤៣ សម្រាប់គម្រោងដីឡូតិ៍លំហែរបស់លោក បានមានប្រសាសន៍កាលពីចុងខែកុម្ភៈនេះថា លោកជ្រើសរើសទីតាំងនេះ ព្រោះលោកមើលឃើញពីបរិយាកាសអំណោយផលពីធម្មជាតិ មានភ្នំ ព្រៃឈើ និងខ្យល់ធម្មជាតិ ដែលស័ក្តិសមកបំផុតសម្រាប់ការលំហែពិតប្រាកដ។
ជាមួយគ្នានេះ លោក សុខ គែន ប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកភ្នំពេញចាប់ផ្តើមមាននិន្នាការថ្មីមួយ គឺការស្វែងរកផ្ទះលំហែ នៅតាមបណ្តាខេត្តទេសចរណ៍ ជាពិសេសនៅក្នុងខេត្តកំពត និងខេត្តកែបមានសម្ទុះខ្ពស់លើវិស័យនេះ។
លោកមើលឃើញពីកំណើន នៃអ្នកមានប្រាក់នៅភ្នំពេញ មកស្វែងរកទិញដីសម្រាប់សាងសង់ផ្ទះ ឬរីសតប្រភេទលំហែនៅក្នុងខេត្តកំពតច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រីហ៊ាង ពណ្ណរី ប្រធានផ្នែកលក់នៃគម្រោងបូកគោលែនបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia កាលពីថ្ងៃទី៩ ខែមីនានេះថា ផ្លូវជាតិលេខ៤៣ជាផ្លូវជាតិសំខាន់មួយតភ្ជាប់ពីខេត្តកំពតទៅកាន់ខេត្តកំពង់ស្ពឺ។
អ្នកស្រីមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ នៅក្នុងតំបន់នេះ នឹងមានសក្តានុពលលើបណ្តុំនៃការវិនិយោគដីឡូតិ៍និងផ្ទះលំហែ ដូចជា រីសត និងបឹងកាឡូ បូកផ្សំនឹងអំណោយទាន ពីធម្មជាតិ៣៦០ដឺក្រេជាតំបន់ភ្នំ មានអាកាសធាតុនិងបរិយាកាសល្អ ជាតំបន់ទេសចរណ៍ធម្មជាតិ។
អ្នកស្រីរំពឹងថា ទីផ្សារលំហែបច្ចុប្បន្ន និងនៅពេលអនាគត នៅតែបន្តរីកចម្រើន ព្រោះលោកស្រីមើលឃើញពីតម្រូវការការលំហែ ស្របពេលដែលអ្នកនៅក្នុងទីក្រុងធំៗ មានភាពតានតឹង ចំពោះបញ្ហាចរាចរណ៍ និងនៅតែមានតម្រូវការលំហែបែបធម្មជាតិ៕