ដោយៈវិវឌ្ឍន៍
ភ្នំពេញៈ ការវិនិយោគដីធ្លី ត្រូវបានគេមើលឃើញថា ជាការវិនិយោគមានភាពប្រាកដប្រជា និងមានផលចំណេញខ្ពស់ពីការវិនិយោគ ប៉ុន្តែអ្នកវិនិយោគឆ្លាតវៃ ពួកគេបានសិក្សាទៅលើកត្តាទីតាំង សិក្សាទិដ្ឋភាពច្បាប់ និងតម្លៃផងដែរ។
ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកតែកត្តាតម្លៃប៉ុណ្ណោះ ដើម្បីបង្ហាញដល់សាធារណៈជន ក៏ដូចជាអ្នកនិយមគាំទ្រគេហទំព័រ Propertyarea។
អ្នកជំនាញ និងអ្នកតាមដានការវិវត្តន៍ក្នុងវិស័យនេះ លោកយិន លាងគង់ ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ មិនាថា ទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីនៅតែមានកំនើន សម្រាប់តំបន់ខ្លះ ទោះរងផលប៉ះពាល់ពីវិបត្តិកូវីដក៏ដោយ។
តម្លៃដីទាបមានម៉ូយច្រើនងាយស្រួលលក់ចេញ
តម្លៃដីទាបៗនៅតំបន់ជាយក្រុង ដែលមានតម្លៃចន្លោះពី១ទៅ១០ ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ជាតម្លៃដីល្អ ដែលអ្នកមានជីវភាពមធ្យមអាចទិញបាន និងរកផលចំណេញបានលឿន ប្រសិនជាដីទាំងនោះមានទីតាំងល្អ ជាប់ផ្លូវធំ និងជាតំបន់់ស្ថិតក្នុងផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាល។
ដីតម្លៃចន្លោះពី ៥០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចាត់ទុកជាដីមានតម្លៃមធ្យមកម្រិតទាប ដែលអ្នកមានធនធានល្មមៗ ជីវភាពលើមធ្យមបន្តិចអាចវិនិយោគបាន និងងាយរកផលចំណេញ បើសិនជាដីនោះមានទីតាំងអាចប្រកបរបរ អាជីវកម្មនានាបាន។
ដីដែលមានតម្លៃចាប់ពី៣០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
ដីប្រភេទនេះ ប្រសិនជាដីតូចៗ អាចស្រួលរកភ្ញៀវផងដែរ ប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកជាងដី ដែលមានតម្លៃដូចការលើកឡើងខាងលើ ព្រោះ អ្នកទិញ ពួកគេកម្រទិញទុកចំណេញណាស់ គឺពួកគេទិញអាចទុកធ្វើអ្វីមួយដូចជា សាងសង់ផ្ទះលក់ ឬធ្វើជាអគារពាណិជ្ជកម្មជាដើម ប៉ុន្តែដីស្ថិតនៅក្នុងតម្លៃនេះ អាចមានទីតាំងមិនទាន់មានភាពអំណោយផល ដល់ការវិនិយោគសាងសង់អគារពាណិជ្ជកម្មបាននៅឡើយទេ។
ផ្ទុយទៅវិញ ប្រសិនជាដីមានតម្លៃខាងលើជាដី មានទំហំធំចាប់ពី១០ហិកតាឡើងទៅ ក៏ពិបាកក្នុងការរកម៉ូយផងដែរ ព្រោះអ្នកទិញដីធំៗបែបនេះច្រើនតែជាឧកញ៉ាធំៗ ដែលពួកគេទិញយកមកសាងសង់បុរីលក់។
ដីដែលមានតម្លៃចាប់ពី៦០០ដល់១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
ដីដែលមានតម្លៃក្នុងរង្វង់នេះ ពិតជាពិបាករកម៉ូយផងដែរ ព្រោះអ្នកទិញដីក្នុងតម្លៃនេះ ពួកគេមិនអាចយកសាងសង់បុរីបានឡើយ។ លើកលែងតែសាងសង់បុរី ដែលផ្តោតលើការសាងសង់ផ្ទះវីឡាប្រណីតៗ និងមានតម្លៃខ្ពស់ខ្ទង់៣០ទៅ១លានដុល្លារអាមេរិក។
អ្នករកដីប្រភេទនេះ មានតិចបើធៀបនឹងដីដែលមានតម្លៃទាបៗ ព្រោះអ្នកមានលទ្ឋភាពទិញដីបែបនេះ មិនមានចំនួនច្រើននោះទេ។ លើកលែងតែវាស្ថិតក្នុងតម្រូវការចាំបាច់ និងអ្នកវិនិយោគជាអ្នកវិនិយោគអន្តរជាតិ។
រីឯដីដែលមានតម្លៃលើសពី១០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គឺសុទ្ឋតែជាដីដែលអាចស្ថិតនៅទីតាំងល្អ និងអំណោយផលដល់ការសាងសង់ខុនដូ អាផាតម៉ិន និងអគារពាណិជ្ជកម្មផ្សេងៗ៕