ដោយៈសុខុម
ប៉េកាំង: ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេសចិន បានកើនឡើងបន្តិច ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងខែធ្នូ។ នេះបើយោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៥ មីនា។
កំណើននៃការវិនិយោគនេះកើតមានឡើង ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការបន្ធូរបន្ថយ ការរឹតបន្តឹងលើវិស័យអចលនទ្រព្យដើម្បីសម្រាលវិបត្តិសាច់ប្រាក់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ប្រឈម ហើយវិធានការទាំងនោះ បានធ្វើឱ្យចំណាប់អារម្មណ៍ទិញអចលនទ្រព្យកើនឡើង។
ការវិនិយោគលើអចលនទ្រព្យ បានកើនឡើង៣,៧%ធៀបនឹងឆ្នាំ២០២១ ឈានដល់២២៧,១៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ១៣,៩% ហើយតួលេខនេះគឺច្រើនជាង បើធៀបនឹងទំហំវិនិយោគ២១៩,៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានដាំក្បាលចុះកាលពីឆ្នាំមុន នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង ចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងការខ្ចីប្រាក់ក្នុងវិស័យអចលនទ្រព្យ ដែលបានបណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ រហូតឈានទៅដល់ការខកខានសងថ្លៃមូលបត្របំណុលតាមពេលកំណត់ ធ្វើឱ្យតម្លៃភាគហ៊ុនដាំក្បាលចុះ ហើយគម្រោងនានាត្រូវបានផ្អាក ឬជាប់គាំងកណ្ដាលទី។
រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញការលក់ និងសម្រាលវិបត្តិសាច់ប្រាក់ របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ នៅពេលក្រុមអ្នកបង្កើតគោលនយោបាយព្រួយបារម្ភខ្លាចវិបត្តិនេះ បង្កឱ្យមានវិបត្តិហិរញ្ញវត្ថុកាន់តែធំ។ វិធានការទាំងនោះ រួមមាន ទាំងការអនុញ្ញាតឱ្យបង់ប្រាក់ជាមុន (Down Payment) តិចជាងមុនសម្រាប់ការបង់រំលស់ផ្ទះ និងបញ្ចុះអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទិញផ្ទះជាដើម៕ Reuters៕