ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ពលរដ្ឋវាងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ហើយផ្លូវក្រវាត់ក្រុងនេះដែរ ក៏ជាកត្តាទាក់ទាញសម្រាប់វិស័យអចលនទ្រព្យផងដែរ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់។
រហូតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញ ឈានដល់ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ហើយ និងកំពុងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើន ចាប់អារម្មណ៍ក្នុងការវិនិយោគនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ។
បើក្រលេកទៅមើលផ្លូវក្រវាត់ក្រុងទី៣ ដែលរដ្ឋាភិបាលកកំពុងតែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ ឃើញថា កំពុងតែមានភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ជាក់សែ្ដងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើបាន និងពង្រីកឱកាសវិនិយោគនៅតំបន់ផ្លូវក្រវាត់ ហើយក៏ធ្វើឱ្យតំបន់ដែលមានផ្លូវក្រវាត់ក្រុង រត់កាន់មានសន្ទុះដីធ្លីមួយកម្រិតផងដែរ។
បើតាមលោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា សន្ទុះតម្លៃដីធ្លីនៅតំបន់ភាគខាងត្បូង ក្នុងពេលបច្ចុប្បន្ននេះ មានការកើនឡើងមួយកម្រិតទៀត ជាពិសេសនៅក្នុងខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។ កត្តាដែលជំរុញឱ្យសន្ទុះតម្លៃដីធ្លីនៅតំបន់ទាំងនេះ បានកម្រើកមួយកម្រិតទៀតនោះ យើងមើលឃើញថាផ្លូវក្រវាត់ក្រុងដ៏សំខាន់ បានរត់កាត់តំបន់ខណ្ឌដង្កោ និងបែកខាងត្បូងរាជធានីភ្នំពេញ ហើយគម្រោងជាច្រើនទៀតក៏បាន និងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹក នៅក្នុងវិបត្តិកូវីដ១៩នេះ ។
ម្យ៉ាងទៀតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះផងដែរ ក៏ឃើញថាមានការអភិវឌ្ឍនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ជាច្រើន ដែលធ្វើឱ្យវិនិយោគិនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍លើការអភិវឌ្ឍនមួយនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយទីណាមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនិងច្រើនតំបន់នោះ នឹងទទួលបានគម្រោងអភិវឌ្ឍន៍ច្រើន។
លោកបន្តថា “ដោយសារតែកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ក៏ដូចជាហេ ដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តជាច្រើនទៀតផងដែរ”៕