ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលអភិបាលខេត្តកំពត លោក ជាវ តាយ ប្រកាសបង្កើតក្រុមហ៊ុនមួយ ដើម្បីប្រមូលប្រាក់សាងសង់រថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតកាលពីសប្តាហ៍មុន បានធ្វើឲ្យមានប្រតិកម្មចម្រុះ ពីគំរោងរបស់អភិបាលខេត្តនេះ ដោយភាគច្រើនពួកគេលើកឡើងថា ការប្រកាសគំរោងនេះ ដើម្បីធ្វើឲ្យដីឡើងថ្លៃប៉ុណ្ណោះ។
តាមរយៈគេហទំព័រ Propertyarea.asia ប្រជាពលរដ្ឋបាន Comment ខុសៗគ្នាទាក់ទងនឹងគំរោងនេះ។ ហេតុនេះយើងសូមលើកយកមតិចម្រុះ របស់ប្រជាពលរដ្ឋមកលើកឡើងដើម្បីពិចារណា។
លោក Sem Koy បានសរសេរថា អ្នកខ្លះគេមានដីច្រើន គេស្លដី។ ការវិនិយោគផ្លូវដែកនៅប្រទេសជឿនលឿនមួយចំនួន ក៏ជាគម្រោងរបស់រដ្ឋដែរ ឯកជនមិនអាចទៅរួចទេ។
ចំណែកលោក Vannatt Srun បានសរសេរផងដែរថា មិនអាចទៅរួច គ្រាន់តែចង់ ឲ្យដីនៅកំពតឡើងថ្លៃប៉ុណ្ណោះ។ ខំអួតគេគំរោងបែបហ្នឹង។
លើកឡើងស្រដៀងគ្នានេះ ម្ចាស់គេហទំព័រ Facebook ឈ្មោះ Cheerr Zee បាននិយាយថា ហ៊ឺ លោក អ្នកគួរអាណិតរាស្រ្ត តែល្អណាស់ដែលមានវត្តមានឯកឧត្តមមកប្រកាសបដិសេធ។ គម្រោងរដ្ឋាភិបាលទេទានម្ចាស់។ ៥០លានដុល្លារ និង១០៣៦លានដុល្លាខុសគ្នាឆ្ងាយណាស់។
លោក Buntha Ek បានលើកឡើងផងដែរថា “ចេះតែនិយាយ រៀនឲ្យដឹងតិច ចាំនិយាយលោកអើយ”។
ចំណែកអ្នកស្រី Seng Keng បានសរសេរបែបចំអកថា “នេះជារដូវកាលរកស៊ីដី វាអញ្ចឹងហើយ”។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ក៏បានគាំទ្រគំនិតលើកឡើងរបស់អភិបាលខេត្តកំពតផងដែរ។
លោក សុខ សារិន បានលើកឡើងផងដែរថា ក្រោមគំនិតពួកលោកសេរី គំរោងលោកជាវ តាយមិនអាចចេញរួច។ តែបើប្រមូលមូលនិធិក្នុងការសាងសង់ប្រហែលមិនលំបាក ខ្ញុំសូមគាំទ្រ។
ចំណែកលោក Ol Thong បានលើកឡើងថា ស្តាប់គាត់ឲ្យច្បាស់សិន គាត់ថានឹងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ។ តាមខ្ញុំយល់គឺប្រើផ្លូវដែលមានស្រាប់ ហើយកែសម្រូលបច្ចេកទេសខ្លះ ដើម្បីឲ្យរថភ្លើងរត់បានលឿន។ លោកសរសេរថា គួរសរសើរគាត់ ដែលមានគំនិតផ្តួចផ្តើម ហើយគាត់ក៏មិនទាត់ចោលក្រសួងជំនាញដែរ។
លើកឡើងស្រដៀងគ្នានេះ លោក Sambok Nuth បានសរសេរថា ទោះជាយ៉ាងណាគួរត្រូវបានលើកទឹកចិត្តគំនិតផ្តួចផ្តើមនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា គំរោងនេះមិនអាចថ្នាក់ខេត្តរៀបចំបានទេ វាមិនមែនជាសមត្ថកិច្ចរបស់ថ្នាក់ខេត្តទេ វាត្រូវតែជាគំរោងដែលផ្តួចផ្តើមដោយរដ្ឋាភិបាល។ លោកបន្តថា គំរោងដែលមានតម្លៃ៥០លានដុល្លារមិនអាចទៅរួចទេ ព្រោះផ្លូវរថភ្លើងល្បឿនលឿនត្រូវចំណាយរហូតដល់ប្រមាណ៧លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ នេះមិនទាន់គិតពីតម្លៃទូរថភ្លើងនៅឡើយទេ។
បើតាមលោកសូរិយាធ្លាប់បានឲ្យដឹងថា រថភ្លើងល្បឿនលឿនត្រូវការទទឹងផ្លូវទំហំ១,២ម៉ែត្រ ខណៈផ្លូវរថភ្លើងដែលមានស្រាប់បច្ចុប្បន្នមានទំហំទទឹងតែមួយម៉ែត្រ និងមិនទាន់មានស្តង់ដានៅឡើយ៕