ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនៃភូមិភាគឦសានប្រទេស បានបង្ហាញចេតនាចង់ឲ្យអ្នកវិនិយោគចិន ទៅវិនិយោគនៅតាមបណ្តាខេត្តទាំងនោះ ពិសេសខេត្តស្ទឹងត្រែង។
តាមរយៈគេហទំព័រ Propertyarea.asia ម្ចាស់ទំព័របណ្តាញទំនាក់ទំនងសង្គម ដែលដាក់ឈ្មោះខ្ញុំស្រលាញ់ខេត្តស្ទឹងត្រែងបានលើកឡើងថា ចិនវិនិយោគច្រើននៅតាមបណ្តាខេត្តស្ថិតនៅតំបន់ឆ្នេរ ប៉ុន្តែបែរជាមិនឃើញមានមកវិនិយោគ នៅខេត្តភូមិភាគឦសាន្ត ពិសេសខេត្តស្ទឹងត្រែងឡើយ។លោកបន្តថា យើងចង់ឲ្យចិនមកវិនិយោគនៅតាមបណ្តាខេត្តនាទឹកដីភូមិភាគនេះ ដើម្បីឲ្យមានភាពរីកចម្រើនទាំងអស់គ្នា។
លោកបន្តថា “យើងចង់ឲ្យចិនមកវិនិយោគនៅខេត្តនេះ ពិសេសវិនិយោគសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះឡើងវិញ។
ប្រជាពលរដ្ឋជាច្រើនទៀតសុទ្ឋតែបានបង្ហាញពីចេតនាដូចគ្នានេះ ដោយពួកគេចង់ឃើញចិនទៅវិនិយោគ នៅតាមបណ្តាខេត្តនានានៃភូមិភាគឦសាន្តប្រទេស តាមរយៈការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគំរោងរមណីយដ្ឋាននានា។
លោក ថោង អូន ម្ចាស់រមណីយដ្ឋានបក្សីមេគង្គ ខេត្តស្ទឹងត្រែងបានថ្លែងថា ប្រសិនជាខេត្តនេះ មានការវិនិយោគសាងសង់ព្រលានយន្តហោះឡើងវិញ លោកជឿថាគំរោងនេះនឹងទទួលបានជោគជ័យ ដោយសារប្រជាពលរដ្ឋបច្ចុប្បន្ន ពួកគេរវល់ការងារច្រើន ហេតុនេះពួកគេពិបាក ក្នុងការចំណាយពេលវេលាយូរក្នុងការធ្វើដំណើរ មកកាន់ភូមិភាគឦសាន្ត ផ្ទុយទៅវិញប្រសិនជាមានព្រលានយន្តហោះ និងការហោះហើរជាប្រចាំលោកជឿថានឹងមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើនមកទស្សនាខេត្តនេះ។
លោកបន្តថា “ការពិតហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកាន់តែល្អហើយ តែចំងាយផ្លូវនៅតែឆ្ងាយ ការធ្វើដំណើរនៅតែយូរ ធៀបនឹងការធ្វើដំនើរតាមផ្លូវអាកាស ហេតុនេះបើសិនជាមានព្រលាន និងមានការហោះហើរត្រង់ នឹងធ្វើឲ្យមានអ្នកធ្វើដំណើរមកកាន់ភូមិភាគនេះច្រើន ដោយសារចំណាយពេលវេលាតិច។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ សៀវលីនបានលើក ឡើងស្រដៀងគ្នាថា បើសិនជាមានការវិនិយោគស្តារ និងជួសជុលព្រលានយន្តហោះនេះ ឡើងវិញ លោកជឿថានឹងមានភ្ញៀវធ្វើដំណើរច្រើនទៅកាន់ភូមិភាគឦសាន្ត ព្រោះការធ្វើដំណើរតាមផ្លូវអាកាសគឺចំណាយពេលវេលាតិច ហេតុនេះ ពួកគេ (ភ្ញៀវទេសចរណ៍)អាចចំណាយពេលចុងសប្តាហ៍បាន។
លោកស្រីបន្តថា “ការធ្វើដំណើរតាមផ្លូវគោក គឺអស់ពេលស្ទើរមួយថ្ងៃ និងហត់នឿយ ហេតុនេះប្រជាជនមិនចង់ចំណាយពេលច្រើននោះទេ។ លោកស្រីបន្តថា “សមាគមគាំទ្រ ប្រសិនជាមានការវិនិយោគព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ហើយយើងនឹងអាចផ្សព្វផ្សាយទៅកាន់ពិភពលោក ពីសក្តានុពលរបស់បណ្តាខេត្តភូមិភាគឦសាន្តកាន់តែទូលំទូលាយថែមទៀត។
បើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងជួសជុលនិងស្តារឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិតក្នុងការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសាងសង់ព្រលាននេះឡើងវិញ ហើយប្រើប្រាស់ព្រលាននេះ ដើម្បីតភ្ជាប់បណ្តាខេត្តភូមិភាគឦសាន្តផង និងតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ផង។លោកបន្តថា ជាមួយនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានដាក់គំរោងកសាងឡើងវិញនូវព្រលាននេះ ទៅកាន់ប្រទេសចិនដើម្បីផ្តល់ជំនួយឬវិនិយោគ ដោយដាក់បញ្ចូលក្នុងគំរោងគំរោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ។
លោកបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ គម្រោងទាំងពីរនេះមិនទាន់មានពន្លឺអ្វីនៅឡើយទេ។
ទោះជាយ៉ាងណាលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើនវិនិយោគរបស់ចិននៅកម្ពុជា បណ្តាលមកពីកត្តាជាច្រើន ដូចជាចំណងមិត្តភាពរវាងមេដឹកនាំនៃប្រទេសទាំងពីរ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ពិសេសកត្តាសុខសន្តិភាព កំនើនសេដ្ឋកិច្ច និងច្បាប់វិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។
ទាក់ទងការវិនិយោគរបស់ចិនភាគច្រើន ស្ថិតនៅបណ្តាខេត្តជាប់មាត់សមុទ្រវិញ លោកបណ្ឌិតហុង វណ្ណៈបានថ្លែងថា ជនជាតិចិនចូលចិត្តតំបន់ជាប់មាត់សមុទ្រ ព្រោះចិនមានគោលនយោបាយពិសេស សម្រាប់អភិវឌ្ឍន៍នៅតំបន់ជាប់មាត់សមុទ្រ ហេតុនេះទើបពួកគេចូលចិត្តវិនិយោគច្រើន នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរនានា ពិសេសក្រុងព្រះសីហនុ៕