ដោយ: ម៉ាលីស
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍវិស័យកសិកម្មតាមបែបទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់កសិករ ពីការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង ទៅជាការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវស្ថានភាព ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

សម្តេចតេជោបានលើឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២៣ ខែមិនាឆ្នាំ២០២២។

-->
សម្តេចតេជោបញ្ជាក់ថា “កសិកម្មគឺជាវិស័យអាទិភាព ដែលធានាសន្តិសុខស្បៀងអាហាររូបត្ថម្ភ និងការនាំចេញ”។
ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងបន្ថែមទៀតសម្តេចតេជោ បានសង្កត់ធ្ងន់លើតម្រូវការ នៃការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគាំទ្រ ប្រព័ន្ធធារាសាស្ត្រ ការដឹកជញ្ជូននិងភស្តុភារ ឥណទានកសិកម្ម ការស្រាវជ្រាវនិងអភិវឌ្ឍគ្រាប់ពូជថ្មី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្ត ចំពោះសមិទ្ធផលក្នុងវិស័យកសិកម្ម ដោយបានចង្អុលបង្ហាញថា កាលពីឆ្នាំមុន ទិន្នផលស្រូវសរុបសម្រេចបានជាង១២,២ លានតោន កើនឡើង ១១,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។
ការប្រើប្រាស់គ្រឿងយន្តកសិកម្ម បានកើនឡើងដល់៩៩,៤២ ភាគរយ ខណៈដែលស្រូវមានជាង ៦,៩៤ លានតោន ឬ ៤,៤៤ លានតោននៃអង្ករ។
សម្តេចបានបន្ថែមថា ដំណាំសាកវប្បកម្មជាង៤,៣៦លានតោន និងដំណាំឧស្សាហកម្មជាង១៩លានតោន ត្រូវបានប្រមូលផលក្នុងឆ្នាំ២០២១ ខណៈពេលដែលផលិតកម្មសត្វ បានកើនឡើង១១,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយអាចធានាបាន៨៧ភាគរយនៃការផ្គត់ផ្គង់សាច់។

ការនាំចេញផលិតផលកសិកម្មសរុបមាន តម្លៃ ប្រហែល៥ពាន់លាន ដុល្លារ កាលពីឆ្នាំមុន កើនឡើង២៥ភាគរយ ធៀបនឹងឆ្នាំ២០២០។ ផលិតផលកសិកម្មនាំចេញសំខាន់ៗរបស់កម្ពុជា មានអង្ករ ស្រូវ កៅស៊ូ ដំឡូងមី បន្លែ និងផ្លែឈើ។ល៕
