មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយវៀតណាមលើ ការនាំចេញដំឡូងមី

0

ដោយៈ គង់ សូរិយា

    វៀតណាមៈ លោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បំពេញបេសកកម្មនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីផ្គូផ្គង និងពិភាក្សាអំពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

កិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើនៅការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនា​ញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គកុលស៊ុលកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ព្រមទាំងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ផងដែរ។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាម។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញសក្តានុពលទីផ្សារដំឡូងមី នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងកម្មវិធីជំនួបពាណិជ្ជកម្មផងដែរ ជាពិសេសមុននឹងកិច្ចពិភាក្សាចាប់ផ្ដើម គណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចរោងចក្រផលិត និងតម្លើងម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត ដើម្បីពិនិត្យមើលម៉ាស៊ីន ដែលអាចកែច្នៃដំឡូមីឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here