ដោយៈ ម៉ាណា
ម៉ាឡេស៊ី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។
លោកឌិត ទីណា បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារលើវិស័យកសិកម្ម ជាមួយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះ និងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។
កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេស៊ីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕
