ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការវិនិយោគលើវិស័យដីធ្លី នៅតែមានឥទ្ធិពលនិងអាចទទួលបានប្រាក់ចំណេញមកវិញ ហើយការវិនិយោគនៅតំបន់ជាយក្រុង នឹងទទួលបានផលចំណេញឆាប់ជាង ការវិនិយោគដីធ្លីនៅតំបន់ជិតៗក្រុង ឬកណ្ដាលក្រុង ។
តាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយ ប្រចាំកម្ពុជាបានបង្ហាញថា ការវិនិយោគនៅតំបន់ចំនួន៣ នឹងទទួលបានផលចំណេញ២០ភាគរយក្នុងមួយឆ្នាំ។
ការសិក្សាបានបង្ហាញការតំបន់ចំនួន៣នោះរួមមាន តំបន់នៃខណ្ឌព្រែកព្នៅ តំបន់នៃខណ្ឌកំបូល និងតំបន់មួយចំនួននៃខណ្ឌដង្កោ ព្រោះថាតំបន់ទាំងនេះសកម្មភាពនៃការទិញលក់ដីធ្លី ហាក់មានកំណើនខ្ពស់ជាងគេ ហើយអត្រានៃកំនើនតម្លៃដីធ្លីក៏ឃើញថាមានភាពល្អប្រសើរដែរ ។
កត្តាមួយទៀត ដែលចំរុញឱ្យតម្លៃដីធ្លីនៅតំបន់ទាំងនោះ អាចទទួលបានផលចំណេញ ពីព្រោះគម្រោងនៃការពង្រីកទីក្រុងភ្នំពេញ របស់រដ្ឋាភិបាលក៏បានចាប់ផ្ដើមបន្តិចម្ដងៗហើយផងដែរ និងអាចធ្វើឱ្យតម្លៃនៅតំបន់នោះកាន់តែកើនឡើង។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា ក៏បានលើកឡើងពីសក្ដានុពលនៃវិស័យដីធ្លីក្នុងតំបន់ទាំងបីនេះផងដែរ ក្នុងនោះដូចជា គម្រោងក្រវ៉ាត់ក្រុងទី៣ដែលរត់កាត់នៅខណ្ឌទាំង៣ នៃរាជធានីភ្នំពេញ ហើយក្រៅពីនេះដែរក៏មានគម្រោងមួយចំនួនទៀត ដែលនឹងហុចសក្ដានុពលដល់វិស័យដីធ្លី ដូចជាខណ្ឌព្រែកព្នៅ មានវិមានឈ្នះឈ្នះ មានពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌកំបូលក៏មានគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើន ខណ្ឌដង្កោក៏មានគម្រោងធំៗជាច្រើនបាន និងកំពុងបញ្ចេញសកម្មភាពវិនិយោគនៅទីនោះដែរ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ថាការវិនិយោគដីធ្លីនៅតែមានឱកាស ក្នុងការទទួលបានប្រាក់ចំណេញត្រលប់មកវិញ ប៉ុន្តែត្រូវចេះមើលទៅសក្ដានុពល នៃតំបន់ដែលខ្លួននឹងបណ្ដាក់ទុនវិនិយោគផងដែរ ។ តំបន់អ្នកវិនិយោគអាចបណ្ដាក់ទុន ក្នុងរយៈពេលខ្លះតែអាចទទួលបានផលចំណេញច្រើន៕