ពួកអ្នកមានជនជាតិរុស្ស៊ីសម្រុកជះលុយទិញអចលនទ្រព្យនៅក្រៅប្រទេសដើម្បីគេចពីទណ្ឌកម្ម

0

ដោយៈសុខុម

ឌូបៃ: ក្រុមហ៊ុនអចលនទ្រព្យជាច្រើនទម្លាយឱ្យដឹងថា ពួកអ្នកមានជនជាតិរុស្ស៊ី កំពុងសម្រុកជះលុយទិញអចលនទ្រព្យក្នុងប្រទេសតួកគី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពី    រដ្ឋាភិបាលក្រុងមូស្គូ បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែមីនា។

លោក Gul Gul សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Golden Sign នៅក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី និយាយថា “យើងលក់ផ្ទះឱ្យភ្ញៀវជនជាតិរុស្ស៊ី បាន៨យូនីតជារៀងរាល់ថ្ងៃ។ ពួកគេទិញជាលុយសុទ្ធ ពួកគេបើកគណនីធនាគារក្នុងប្រទេសតួកគី ឬមិនអញ្ចឹងទេ គឺពួកគេយកមាសមកជាមួយតែម្ដង”។

នៅក្រុងឌូបៃឯណោះវិញ លោក Thiago Caldas នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Modern Living និយាយថា ក្រុមហ៊ុនរបស់លោកបានជួលភ្នាក់ងារអចលនទ្រព្យ ចេះនិយាយភាសារុស្ស៊ី ចំនួន៣នាក់ សម្រាប់ទំនាក់ទំនងជាមួយភ្ញៀវជនជាតិរុស្ស៊ី ដែលមានចំណាប់អារម្មណ៍ចង់ទិញអចលនទ្រព្យ ដែលលោកនិយាយថាបានកើនឡើងរហូតដល់ទៅ១០ខ្ទង់។

ខណៈប្រទេសតួកគី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត រិះគន់ការវាយលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន រដ្ឋាភិបាលក្រុងអង្ការ៉ា (តួកគី) បានជំទាស់នឹងទណ្ឌកម្ម ដែលមិនមែនដាក់ដោយអង្គការសហប្រជាជាតិទៅលើប្រទេសរុស្ស៊ី ហើយប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលក្រុងមូស្គូ ហើយនៅតែដំណើរការជើងហោះហើរផ្ទាល់ ដែលអាចផ្តល់ផ្លូវសម្រាប់ពលរដ្ឋរុស្ស៊ី និងសាច់ប្រាក់របស់ពួកគេចេញចូលក្រៅប្រទេសបានដោយងាយស្រួល។

លោក Gul Gul សហស្ថាបនិកក្រុមហ៊ុន Golden Sign ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែលសម្ភាសន៍ដោយទីភ្នាក់ងារព័ត៌មាន Reuters និយាយថា “ពួកគេគឺជាពួកអ្នកមានជនជាតិរុស្ស៊ី គឺមិនមែនជាក្រុមមហាសេដ្ឋីនោះទេ។ ពួកគេកំពុងរកវិធីដើម្បីនាំយកប្រាក់របស់ពួកគេទៅកាន់ប្រទេសតួកគី”។

សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យរូបនេះបានបន្ថែមទៀតថា “មានអតិថិជនខ្លះទិញអាផាតម៉ិនពី៣ទៅ៥លយូនីត”។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋរុស្ស៊ី បានទិញអចលនទ្រព្យច្រើននៅក្នុងប្រទេសតួកគី បន្ទាប់ពីពលរដ្ឋអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប៉ុន្តែក្រុមអ្នកជំនាញខាងអចលនទ្រព្យនិយាយថា តម្រូវការទើបតែកើនឡើងខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here