ក្រុមហ៊ុន PropNex Cambodia បង្ហាញពីចំណុចសំខាន់ៗនៃសេវាកម្មវាយតម្លៃអចលនទ្រព្យ

0

ដោយៈ សុផារី

ភ្នំពេញៈ ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើរការនៃការផ្តល់នូវព័ត៌មាននិងតម្លៃទីផ្សារនៃអចលនទ្រព្យ រួមទាំងព័ត៌មានអំពីលក្ខណៈលម្អិតរបស់ទ្រព្យ ការចំណាយលើការសាងសង់ ការចំណាយនានា ទីតាំង តំបន់ ភាពសាកសមនៃការប្រើប្រាស់ និងនិន្នាការទីផ្សារ។

យោងតាមរបាយការណ៍វាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន PropNex Cambodiaបានបង្ហាញថា ការវាយតម្លៃអចលនទ្រព្យប្រកបដោយភាពឯករាជ្យ បានជួយដល់ការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការវិនិយោគ ការអភិវឌ្ឍ ដំណើរការកម្ចី ការជួល និងការលក់អចលនទ្រព្យផ្សេងៗ។

លើសពីនេះទៅទៀត ការវាយតម្លៃអចលនទ្រព្យ គឺសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជាច្រើន មានដូចជា ការទិញលក់អចលនទ្រព្យ ការបណ្តាក់ទុនរួមគ្នា ការអភិវឌ្ឍ ការអនុវត្ត សុវត្ថិភាពប្រាក់កម្ចី ការផ្ទេរភាគហ៊ុន ការពិនិត្យឡើងវិញនៃតម្លៃជួល គណនេយ្យ សវនកម្ម និងការធានារ៉ាប់រង ជាដើម។

ការសិក្សាដដែលបានបង្ហាញថា សម្រាប់អ្នកទិញអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យជួយឱ្យអ្នកទិញ ដឹងអំពីតម្លៃជាក់ស្តែងនៃអចលនទ្រព្យដែលត្រូវទិញ ជួយដល់ការធ្វើកិច្ចព្រមព្រៀងទិញលក់ដ៏ត្រឹមត្រូវណែនាំដល់ការធ្វើការសម្រេចចិត្តបានល្អប្រសើរ និងការពារពួកគេពីការទិញអចលនទ្រព្យក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

សម្រាប់ធនាគារដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ធនាគារអាចសម្រេចចិត្តលើចំនួនកម្ចីជាមួយនិងលក្ខខណ្ឌនៃការបញ្ចាំ បន្ទាប់ពីដឹងពីតម្លៃទ្រព្យបញ្ចាំ។

របាយការសិក្សារបស់ក្រុមហ៊ុន PropNex Cambodia បានបន្តឲ្យដឹងទៀតថា ចំណែកអ្នកលក់អចលនទ្រព្យ អាចប្រើប្រាស់ការវាយតម្លៃអចលនទ្រព្យជួយឱ្យដឹងពីតម្លៃទីផ្សារ បច្ចុប្បន្នភាពនៃអចលនទ្រព្យ និងការពារពួកគេពីការលក់អចលនទ្រព្យក្នុងតម្លៃទាប ដែលបណ្ដាលឱ្យមានការខាតបង់។ វាក៏ផ្ដល់ជូននូវដំបូន្មានដ៏ត្រឹមត្រូវដល់អ្នកលក់ក្នុងការ សម្រេចចិត្តលក់ឬរក្សាទុកបន្តទៀត។

ការវាយតម្លៃអចលនទ្រព្យ ក៏មានសារសំខាន់ផងដែរ ដល់ក្រុមហ៊ុនធានារ៉ាប់រងនិងអតិថិជនរបស់ក្រុមហ៊ុន ព្រោះវាបានផ្តល់នូវការយល់ដឹង អំពីតម្លៃធានារ៉ាប់រងដើម្បីមើលថា តើតម្លៃនេះសាកសមសម្រាប់ការខូចខាតនានា ដោយសារគ្រោះថ្នាក់ណាមួយ នាពេលអនាគតដែរឬទេ។ ការវាយតម្លៃអចលនទ្រព្យត្រឹមត្រូវធានាបានថាតម្លៃធានារ៉ាប់រងគឺសមហេតុផល នឹងគ្មានហានិភ័យដល់ការផ្ដល់ ឬទទួលបាននូវការធានារ៉ាប់រងទាប ឬខ្ពស់ខ្លាំង។

ជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យនិងអ្នកជួល ការវាយតម្លៃអចលនទ្រព្យផ្តល់នូវព័ត៌មានអំពីតម្លៃជាក់ស្តែងនៃតម្លៃជួល ជួយសម្រួលដល់ម្ចាស់អចលនទ្រព្យ និងអ្នកជួលក្នុងការចរចានិងធ្វើកិច្ចព្រមព្រៀងជួលនានាឱ្យកាន់តែប្រសើរ។

របាយការណ៍វាយតម្លៃអចលនទ្រព្យបានបង្ហាញឲ្យដឹងទៀតថា ការវាយតម្លៃអចលនទ្រព្យដោយ​ត្រឹមត្រូវក៏ផ្ដល់ជូនផងដែរ នូវព័ត៌មានអំពីនិន្នាការជួលនៅលើទីផ្សារ ចំនួនប្រាក់ចំណេញ ជួយដល់អ្នកទិញ និង អ្នកលក់ក្នុងការធ្វើការព្យាករណ៍ការវិនិយោគផងដែរ។

របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ ការវាយតម្លៃអចលនទ្រព្យ កំណត់តម្លៃនៃទ្រព្យ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ។ ដូច្នេះ វាជាភាពចាំបាច់ក្នុងការបង្កើតរបាយការណ៍ហិរញ្ញវត្ថុ នៃអចលនទ្រព្យរបស់ក្រុមហ៊ុនមួយដ៏ត្រឹមត្រូវនិងអាចទុកចិត្តបាន។

ទោះជាយ៉ាងណាក៏ដោយ កង្វះខាតនៃការជួញដូរ និងការទទួលបានព័ត៌មានពីអចលនទ្រព្យនៅលើទីផ្សារ បានផ្តល់នូវផលពិបាកដល់អ្នកវិនិយោគ ម្ចាស់អចលនទ្រព្យនិងអ្នកទិញ ជាច្រើនក្នុងការដឹងពីតម្លៃអចលនទ្រព្យរបស់ពួកគេ ជាពិសេសនៅពេលដែលតម្លៃទិញ លក់ និងជួល នៅលើទីផ្សារមានការប្រែប្រួលជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here