ការសិក្សាៈទីផ្សារខុនដូថៃលក់ឱ្យបរទេសមានចំនួនធ្លាក់ចុះ តែតម្លៃបន្តកើនឡើង

0

ដោយៈ សុផារី

បាងកកៈ ការស្ទង់មតិថ្មីមួយ ដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (REIC) បានរកឃើញថា ទោះបីជាអចលនទ្រព្យ នៅក្នុងប្រទេសថៃត្រូវបានទិញ ដោយជនបរទេសតិចតួចជាងកាលពីឆ្នាំមុនក៏ដោយ តម្លៃនៃយូនីតដែលពួកគេទិញ គឺនៅមានកំណើនខ្ពស់ជាងគួរឱ្យកត់សម្គាល់។

យោងតាមការស្ទង់មតិបានបង្ហាញថា ខុនដូសរុបចំនួន៨.១៩៨យូនីតត្រូវបានលក់ទៅឱ្យជនបរទេសក្នុងឆ្នាំ២០២១ ពោលគឺធ្លាក់ចុះ១១ភាគរយពីចំនួន៨២៨៧ យូនីតដែលបានលក់កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃយូនីតដែលបានទិញ ដោយជនបរទេសបានកើនឡើង៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានតម្លៃប្រហែល ៣៩,៦១ពាន់លានបាត។ ទំហំនៃយូនីតក៏បានកើនឡើង ៤,១ភាគរយផងដែរ ក្នុងចំនួនសរុប៣៥៥.៣១៥ ម៉ែត្រការ៉េ។

ការស្ទង់មតិក៏បានរកឃើញថា អ្នកទិញបរទេសភាគច្រើនទិញយូនីតដែលមានតម្លៃ៣លានបាតឬតិចជាងនេះ មានចំនួន៤.០៤៦យូនីត បន្ទាប់មកក្នុងជួរតម្លៃពី៣លាន ទៅ៥លានបាតចំនួន១.៨៥៨ យូនីតក្នុងចន្លោះពី៥លានទៅ៧លានបាតមានចំនួន១.២១៩ និងក្នុងចន្លោះពី៧លានទៅ១០លានបាតចំនួន៥១០យូនីត ហើយមានតម្លៃជាង១០លានបាតមានចំនួន៥៦៥យូនីត ។

ជនជាតិចិនគឺជាអ្នកទិញដ៏ធំបំផុត ដោយបានទិញ៤.៨៦៧យូនីត ឬ ៥៩,៤ភាគរយនៃអចលនទ្រព្យទាំងអស់ ដែលបានលក់ទៅឱ្យជនបរទេសកាលពីឆ្នាំមុន។ ជនជាតិរុស្សីឈរនៅលេខរៀងទី២ ទិញ៣០៦យូនីត ស្មើនឹង៣,៧ភាគរយ តាមពីក្រោយដោយជនជាតិអង់គ្លេស ទិញ២៨០យូនីត និងជនជាតិអាមេរិក២៧៩យូនីត។

អ្នកទិញចិនក៏បានចំណាយច្រើនជាងគេ ស្មើនឹង២២,៨៧ពាន់លានបាត ខណៈជនជាតិអាមេរិកឈរ នៅលំដាប់ទីពីរចំនួន១,២៩ពាន់លានបាត បន្ទាប់មកជនជាតិអង់គ្លេសចំនួន១,២៥ពាន់លានបាត។

យោងតាមការស្ទង់មតិ ខេត្តចំនួនប្រាំដែលទាក់ទាញ អ្នកទិញអចលនទ្រព្យបរទេសច្រើនជាងគេ ក្នុងឆ្នាំ២០២១ គឺទីក្រុងបាងកក ឈុនបុរី ភូកេត សាមុតប្រាកាន និងឈៀងម៉ៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here