ដោយ៖ សុផារី
ភ្នំពេញៈ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង១ខែនៅតែបង្កឱ្យមានអតិផរណា លើតម្លៃប្រេងសាំង និងផលិតផលដើមមួយចំនួននៅទូទាំងពិភពលោក។

ខណៈផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ ត្រូវបានមើលឃើញថា បានប៉ះពាល់ អ្នកអភិវឌ្ឍន៍ទីផ្សារលំហែអះអាងថា មិនបានទទួលរងនូវផលប៉ះពាល់ ដោយផ្ទាល់ណាមួយពីសង្គ្រាមនេះ មកលើសកម្មភាពនៃការលក់របស់គម្រោងរបស់ខ្លួននោះទេ។

-->
លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungssia Real Estate និងជាម្ចាស់អាជីវកម្មដីឡូតិ៍លំហែបូកគោលែន នៅក្នុងខេត្តកំពត មានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១ មេសានេះថា សម្រាប់គម្រោងបូកគោលែនទី៣ ដែលជាគម្រោងថ្មីបំផុតរបស់លោក ត្រូវបានលក់ចេញអស់ប្រមាណ៣០ភាគរយហើយ ត្រឹមរយៈពេលមួយខែមីនា ចាប់តាំងពីបើកសម្ភោធមក។ វិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការគម្រោងរបស់លោកខ្លាំងនោះទេ។

លោកបន្តថា “ពាក់ព័ន្ធនឹងសង្គ្រាមរុស្សី អ៊ុយក្រែន គឺមិនមានផលប៉ះពាល់ដល់ការលក់ដីឡូតិ៍លំហែនោះទេ ព្រោះគម្រោងរបស់យើងបើកនៅចំពេលដែលសង្គ្រាមនេះផ្ទុះចេញផងដែរ តែគម្រោងរបស់យើងនៅតែលក់ចេញបានយ៉ាងរលូន ហើយក៏មិនជះឥទ្ធិពលអាក្រក់ណាមួយដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនR Investment Groupបានប្រាប់ឲ្យដឹងងផងដែរថា កន្លងមក ឥទ្ធិពលនៃវិបត្តិនេះ មិនមានផលប៉ះពាល់ដោយផ្ទាល់ និងទាំងស្រុងលើសកម្មភាពអចលនទ្រព្យប្រភេទដីឡូតិ៍លំហែនោះទេ។ សកម្មភាពនៃការសាងសង់នៅតែបន្តដំណើរការជាធម្មតា។
លោកឧកញ៉ាបានបន្តថា “កន្លងមក បើការប៉ះពាល់ទាំងស្រុងតែម្តង គឺមិនមានទេ។ ប៉ន្តែបើព័ត៌មានប៉ះពាល់ទង្គិច គឺយើងឃើញមានខាងផ្នែកប្រេងសាំងទេ។ វិស័យផ្សេងដូចជា វិស័យផ្ទះសម្បែងក៏នៅតែមានសកម្មភាពធម្មតា”៕