តើកត្តាសំខាន់អ្វីខ្លះដែលជម្រុញតម្លៃនៃអចលនទ្រព្យនៅក្នុងតំបន់ណាមួយ?

0

ដោយៈ សុផារី

ភ្នំពេញៈ តម្លៃនៃអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ជាយក្រុងភ្នំពេញ និងខេត្តសំខាន់ៗមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលដូចគ្នា មានបណ្តាខេត្តមួយចំនួនមានភាពស្ងប់ស្ងាត់ហើយតម្លៃនៃ អចលនទ្រព្យក៏មិនមនាការកើនឡើងខ្ពស់ផងដែរ។

តើមូលហេតុអ្វីបានជាបណ្តាលឱ្យតម្លៃ នៃអចលនទ្រព្យនៅក្នុងតំបន់មួយមានតម្លៃកើនឡើងខុសៗគ្នាបែបនេះ?

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុនCentury21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CPIS) បានពន្យល់ថា មានកត្តាធំៗចំនួនបី ដែលជម្រុញឱ្យតម្លៃនៃអចនទ្រព្យ មានការកើនឡើងខ្ពស់នាពេលបច្ចុប្បន្ននេះ។ កត្តាទាំងនោះមានដូចជា តម្រូវការនៃការសាងសង់ កំណើនប្រជាជន និងកត្តាហេដ្ឋរចនាសម្ព័ន្ធ។

កត្តាទី១ គឺតម្រូវការនៅក្នុងការសាងសង់អគារច្រើន បម្រើឱ្យវិស័យនានា។ ការកើនឡើងខ្លាំង នៃតម្លៃអចលនទ្រព្យ អាស្រ័យនឹងតម្រូវការនៅក្នុងទីផ្សារនៃវិស័យនេះ។ កាលណាមានតម្រូវការ នោះនឹងធ្វើឱ្យអចលនទ្រព្យមានការចង់បានខ្ពស់ ហើយជម្រុញឱ្យតម្លៃនៃអចលនវត្ថុ មានការកើនឡើងខ្ពស់។ តម្រូវការនៃអចលនទ្រព្យបច្ចុប្បន្ន មានលើវិស័យអាជីវកម្ម ពាណិជ្ជកម្ម។

កត្តាទី២ គឺកំណើនប្រជាជននៅក្នុងតំបន់នោះ ដោយកាលណាមានប្រជាជនចូលទៅរស់នៅ ក្នុងតំបន់នាមួយច្រើន នោះតម្លៃនៃដីធ្លីនិងតម្រូវការក៏មានកំណើនផងដែរ។ ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ជាយរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តជុំវិញ និងបណ្តាខេត្តធំៗ មានការកើនឡើងដោយសារប្រជាជនចូលមករស់នៅ បណ្តាលឱ្យមានតម្រូវការ ក្នុងការកសាងអាគារខ្ពស់ៗ លំនៅដ្ឋាន រោងចក្រ ឃ្លាំង ភោជនីយដ្ឋាន ជាដើម។

កត្តាដែលសំខាន់មួយទៀតនោះគឺ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានា ហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តាជម្រុញឱ្យតម្លៃអចលនទ្រព្យ នៅក្នុងតំបន់មួយឱ្យមានការកើនឡើងខ្លាំងផងដែរ។

លោកវ៉ា វីរៈបានបន្តថា “អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានការកើនឡើងខ្លាំង ដោយលោកសង្គេតឃើញថា ក្នុងតំបន់ខ្លះ តម្លៃនៃអចលនទ្រព្យមានការកើនឡើងប្រហែល២០ ទៅ៣០ភាគរយក្នុងមួយឆ្នាំឯណោះ ឬ តំបន់ខ្លះទៀតអាចកើនឡើងខ្ពស់ជាងនេះទៅទៀត”។

ជាក់ស្តែង តម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញ នៅខណ្ឌសែនសុខ ដែលគ្រួសារលោកបានទិញ កាលពីកំឡុងឆ្នាំ២០០៨ បានកើនឡើងជាង២២ដងគិតរហូតមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here