ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន Siam Makro Plc បានប្រកាសផែនការវិនិយោគ១១ពាន់លានបាតក្នុងការពង្រីកអាជីវកម្មនៅឆ្នាំ២០២២នេះ ក្នុងនោះក្រុមហ៊ុននឹងពង្រីកបន្ថែមហាងថ្មីចំនួនពីរនៅកម្ពុជា។
យោងតាមនាយកប្រតិបត្តិលោក Suchada Ithijarukul ការវិនិយោគនេះនឹងផ្តោតលើការបើកផ្សារ Makro ថ្មីចំនួន៣០នៅក្នុងប្រទេសថៃ បីនៅឥណ្ឌា និងពីរនៅក្នុងប្រទេសកម្ពុជា។
ផែនការពង្រីកបានធ្វើឱ្យចំនួនផ្សារ Makro សរុបមាន១៨៤នៅឆ្នាំនេះ។ ក្នុងចំណោមចំនួនផ្សារសរុប មាន១៧២ផ្សារមានទីតាំងនៅក្នុងប្រទេសថៃ ហើយ១២ កន្លែងទៀតស្ថិតនៅទីផ្សារបរទេស។
នាយកប្រតិបត្តិ Makro ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនគ្រោងនឹងពង្រីកប្រតិបត្តិការរបស់ Siam Food Services Ltd ដែលជាអ្នកចែកចាយផលិតផលម្ហូបកករបស់ខ្លួននៅត្រីមាសទី២នៃឆ្នាំនេះ ដើម្បីបើកដំណើរការទីផ្សារ “maknet” ដែលជាទីផ្សារអាជីវកម្ម(B2B)ថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរឥរិយាបទការទិញរបស់អតិថិជន B2B ដែលទាមទារដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ផលិតផល និងសេវាកម្ម ក៏ដូចជាភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទិញ។
Siam Makro បានចូលរួមក្នុងអាជីវកម្មតាំងពីឆ្នាំ២០១៩ ដោយចាប់ផ្តើមជាមួយ MakroClick ដែលផ្តល់ជូនផលិតផលទាំងអស់ដែលបានលក់នៅក្នុងហាងទំនិញរបស់ Makro តាមប្រព័ន្ធអនឡាញ ទាំងតាមរយៈគេហទំព័រ និងកម្មវិធីលើទូរស័ព្ទ។
យោងតាមលោក Suchada វេទិកានេះមានមុខងារជាទីផ្សារលក់ដុំតាមអនឡាញដោយផ្តល់ជូនម្ចាស់ភោជនីយដ្ឋាននូវដំណោះស្រាយផលិតផល និងសេវាកម្មដែលអនុញ្ញាតឱ្យពួកគេទិញទំនិញដែលមាននៅក្នុងហាង Makro ឬហាងដៃគូជាង១,០០០ ក៏ដូចជាភោជនីយដ្ឋានផ្សេងទៀតផងដែរ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត៕