ដោយៈសុខុម
បាងកក: ដោយសារការឡើងថ្លៃប្រេងឆៅ បានធ្វើឱ្យអ្នកប្រើប្រាស់ថាមពល ត្រូវចំណាយអស់ច្រើនជាងមុន ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួន បានចាប់ផ្តើមដាក់បញ្ចូលការដំឡើងដំបូលសូឡា និងឧបករណ៍បញ្ចូលថាមពលរថយន្តអគ្គិសនី (EV Charger) ទៅក្នុងគម្រោងលំនៅដ្ឋានថ្មីៗរបស់ខ្លួន។
លោក Sutirapan Sakkawatra អនុប្រធានធនាគារ Siam Commercial Bank លើកឡើងថា និន្នាការនេះត្រូវបានសង្កេតឃើញថា កើនឡើងគួរឱ្យកត់សម្គាល់កាលពីពេលថ្មីៗនេះ នៅពេលប្រាក់កម្ចី១៧,៩លានដុល្លារអាមេរិក ត្រូវបានផ្តល់ឱ្យអ្នកទិញផ្ទះដែលមានដំបូលសូឡា អ្នកទិញរថយន្តអគ្គិសនី (EV) ឬអ្នកដែលដំឡើងដំបូលសូឡាលើផ្ទះរបស់ពួកគេ។
លោក Praphansak Rakchaiwan នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Lumpini Wisdom and Solution Co Ltd បានទទួលស្គាល់និន្នាការនេះ។
លោកលើកឡើងថា “តម្លៃបន្ទះសូឡាសម្រាប់ផ្ទះ និងខុនដូបានចុះថោកយ៉ាងច្រើន ក្នុងរយៈពេល១០ឆ្នាំមកនេះ”។ លោកបន្តថា “ពេលនេះតម្លៃប្រព័ន្ធថាមពលសូឡា Hybrid ដែលតភ្ជាប់ទៅបណ្តាញអគ្គិសនីបានធ្លាក់ចុះ មកនៅត្រឹមប្រហែល៥.០៣០ដុល្លារអាមេរិក ដែលអាចរំលស់ថ្លៃរួចដើមវិញ បានយ៉ាងងាយស្រួលក្នុងរយៈពេល៥ឆ្នាំ”។
លោកបានបន្ថែមថា អ្នកប្រើប្រាស់បន្ទះសូឡា អាចសន្សំប្រាក់បានចំនួន២៨.១៣៥ដុល្លារអាមេរិក ក្នុងរយៈពេល២៥ឆ្នាំ ហើយថាយ៉ាងហោចណាស់២០% នៃអ្នកទិញផ្ទះថ្មីនឹងជ្រើសរើសយកផ្ទះ ដែលមានដំបូលសូឡា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Property Perfect Plc និយាយថា ខ្លួនគ្រោងនឹងដំឡើងដំបូលសូឡា លើផ្ទះចំនួន៣០.០០០យូនីត ដែលខ្លួនកំពុងសាងសង់ ហើយនឹងដំឡើងឧបករណ៍បញ្ចូលថាមពលរថយន្តអគ្គិសនី (EV Charger) ក្នុងផ្ទះចំនួន៥០.០០០យូនីត។
ចំណែកឯក្រុមហ៊ុន Sansiri Plc និយាយថា ខ្លួននឹងដំឡើងដំបូលសូឡា លើផ្ទះចំនួន១.៨២៥យូនីត ដែលខ្លួនគ្រោងនឹងសាងសង់នៅឆ្នាំនេះ។
លោក Supalak Chanpithak នាយកប្រតិបត្តិក្រុមហ៊ុន Britania Plc លើកឡើងថា ក្រុមហ៊ុនមេរបស់ខ្លួន Origin Property បានចាប់ដៃគូជាមួយក្រុមហ៊ុន Gunkul Engineering ដើម្បីធ្វើអាជីវកម្មថាមពលស្អាតសម្រាប់លំនៅដ្ឋាន។
លោកបានបន្ថែមថា ក្រុមហ៊ុន Britania Plc នឹងដំឡើងដំបូលសូឡា លើលំនៅដ្ឋានប្រមាណ២០០យូនីត ក្នុងគម្រោងមួយចំនួនរបស់ខ្លួននៅក្រុងបាងកក និងជាយក្រុងដើម្បីបង្កើត “ភូមិសូឡា”។
ក្រុមហ៊ុន Britania Plc ក៏នឹងដំឡើងឧបករណ៍បញ្ចូលថាមពលរថយន្តអគ្គិសនី (EV Charger) នៅទីសាធារណៈក្នុងភូមិសូឡាទាំងនេះផងដែរ។
ដោយឡែកពីនេះ ក្រុមហ៊ុន Sena Development Plc និយាយថា ខ្លួននឹងវិនិយោគ១៧,៩លានដុល្លារអាមេរិក លើការដំឡើងបន្ទះសូឡា ជាពិសេសនៅក្នុងគម្រោងលំនៅដ្ឋានថ្មី របស់ខ្លួនមានឈ្មោះថា Sena Viva Chalong Krung-Lat Krabang លើផ្ទៃដីប្រមាណ២,៤ហិកតាក្នុងក្រុងបាងកក៕ The Nation៕