ដោយ៖ សុផារី
ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យ នៅក្នុងស្ថានការណ៍វិបត្តិ មានភាពមិនប្រាកដប្រជានិងអាចប្រឈមនឹងការរឹបអូសពីធនាគារ ប្រសិនបើអ្នកវិនិយោគិនមិនមានផែនការនិងការគ្រប់គ្រងលើលំហូរសាច់ប្រាក់ច្បាស់លាស់។
ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យទាំងនោះ អ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគថ្មីថ្មោង គប្បីសិក្សាស្វែងយល់ពីការគ្រប់គ្រងលំហូរនៃសាច់ប្រាក់ប្រចាំរបស់ខ្លួន ក្នុងវិនិយោគប្រកបដោយភាពឆ្លាតវៃ និងទទួលបានផលចំណេញ។
លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CPIS) បានពន្យល់ថា លំហូរសាច់ប្រាក់ក៏មិនខុសពីលំហូរចរន្តឈាមនោះដែរ។ ប្រសិនបើលំហូរសាច់ប្រាក់កកស្ទះ អាចបណ្តាលឱ្យមានបញ្ហាកាន់តែធ្ងន់។
លោកមានប្រសាសន៍ថា សម្រាប់អ្នកប្រកបរបរអាជីវកម្ម ឧទាហរណ៍ថា អាជីវកម្មមួយមានដើមទុន១លានដុល្លាអាមេរិក ទទួលបានប្រាក់ចំណេញ១លានដុល្លាអាមេរិក តែប្រាក់ចំណេញនេះបានមកក្នុងរយៈពេល៥ឆ្នាំ ពេលខ្លះ បានមកអាចមានជាបញ្ហានៃការបោកប្រាស់ កេងប្រវ័ញ្ចជាដើម។
លោកបន្តថា “មធ្យោបាយដែលល្អគឺ វិនិយោគិនគួរយកប្រាក់១លានរបស់គាត់ទៅវិនិយោគយ៉ាងណា ឱ្យទទួលបានលំហូរប្រាក់ជាប្រចាំខែ ដោយមិនមានការកកស្ទះ ក្នុងការទូទាត់ទៅកាន់ផ្នែកផ្សេងៗទៀត ដូចជា ការសងប្រាក់ទៅកាន់ធនាគារ ការបើកប្រាក់បៀវត្សដល់បុគ្គលិក ការសងទៅកាន់អ្នកផ្គត់ផ្គង់ជាដើម”។
លោកបន្ថែមថា “កន្លងមក ស្ថានភាពសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា ដូចជាស្ថានភាពកូវីដ១៩ បានបង្រៀនដល់អ្នកវិនិយោគច្រើន ឱ្យមានការត្រៀមខ្លួននិងគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួនក្នុងការទប់ទល់គ្រប់ស្ថានការណ៍”។
លោកវីរៈលើកឡើងទៀតថា “កន្លងមក អាជីវកម្មមួយចំនួនត្រូវបានបិទ ឬខាត លំហូរសាច់ប្រាក់អត់មាន ជាពិសេសអ្នកដែលមានកម្ចីពីធនាគារ។ ក្នុងករណីចង់លក់អចលនទ្រព្យចេញ ក៏ពិបាកក្នុងការលក់ តម្លៃក៏ចុះថោកដល់ទៅច្រើនជាង៥០ភាគរយ ពិបាករកអ្នកទិញ ឬឈានដល់ការរឹបអូសពីធនាគារទៀតផង”។
លោកថា “ចរន្តសាច់ប្រាក់ ដែលមិនមានភាពកកស្ទះ គឺមានសារៈសំខាន់បំផុត។ នៅបរទេស ការវិនិយោគគឺផ្តល់សារៈសំខាន់ដល់លំហូរសាច់ប្រាក់ណាស់” ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នាពេលថ្មីៗនេះថា សម្រាប់អ្នកដែលមានចំណូលប្រចាំខែជាប្រចាំ និងត្រូវបង់រំលោះលើការវិនិយោគនៃអចលនទ្រព្យរបស់ពួកគាត់ ការសិក្សាអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់មានសារៈសំខាន់ ធ្វើឱ្យការវិនិយោគរបស់ពួកគាត់មានហានិភ័យទាបនិងអាចគ្រប់គ្រងអចលនទ្រព្យបាន ថែមទាំងអាចទទួលបានផលចំណេញក្នុងរយៈពេលខាងមុខ។
លោកបានពន្យល់ថា “ឧទាហរណ៍ ប្រសិនបើអ្នកមានចំណូល៦០០ទៅ៧០០ដុល្លាអាមេរិក ទិញអចលនទ្រព្យតម្លៃ៣ទៅ៤ម៉ឺនដុល្លា និងបង់រំលោះ៣២០ដុល្លាអាមេរិកក្នុងមួយខែ។ គាត់អាចជួលអចលនទ្រព្យបាន១០០ទៅ២០០ដុល្លាក្នុងមួយខែ ដូច្នេះគាត់ត្រូវបង់ត្រឹមតែ១២០ដុល្លាអាមេរិកប៉ុណ្ណោះ។ រយៈពេល១០ឆ្នាំក្រោយ គាត់ទទួលបានអចលនទ្រព្យនេះជាកម្មសិទ្ធិរបស់ខ្លួន ដោយចំណាយទុនវិនិយោគតិចបំផុត”៕