ខណ្ឌមួយចំនួននៅជាយក្រុងភ្នំពេញកំពុងពេញនិយមក្នុងការអភិវឌ្ឍលំនៅឋានច្រើនជាងគេ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើនផងដែរ។ ខណ្ឌមួយចំនួននៅតំបន់ជាយក្រុងភ្នំពេញមានសកម្មភាពក្នុងការសាងសង់លំនៅឋានច្រើនជាងគេ ក្នុងចំណោមខណ្ឌទាំង១៤ទូទាំងរាជធានីភ្នំពេញ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ខណ្ឌ ដែលមានសកម្មភាពក្នុងការអភិវឌ្ឍលំនៅឋានច្រើនជាងគេ។ បច្ចុប្បន្ននេះ យើងឃើញមាននៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកនៃខណ្ឌសែនសុខផងដែរ។

អ្នកនាងថា កត្តាដែលជំរុញខណ្ឌទាំងនោះឱ្យមានសកម្មភាពក្នុងការអភិវឌ្ឍលំនៅឋាន ដោយសារតែ តម្លៃដីធ្លីនៅមានកម្រិត ហើយមានទំហំធំៗ ដែលធ្វើឱ្យអ្នកវិនិយោគលើលំនៅឋានអាចមានលទ្ធភាពក្នុងការទិញដីនិងអភិវឌ្ឍ។

អ្នកនាងបន្តថា “បណ្ដាខណ្ឌនៅជាយក្រុងមួយចំនួន ដូចជាខណ្ឌដង្កោ និងពោធិ៍សែនជ័យ ក៏មានសក្ដានុពលទាក់ទាញមួយចំនួនផងដែរ។ ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិធំមួយក៏ស្ថិតនៅក្នុងខេត្តកណ្ដាលជាប់នឹងខណ្ឌដង្កោ ការអភិវឌ្ឍផ្សារទំនើបៗជាច្រើនក៏ស្ថិតនៅក្នុងខណ្ឌដង្កោ និងផ្លូវក្រវ៉ាត់ក្រុងជាផ្លូវជាច្រើនខ្វាត់ខ្វែងធ្វើឱ្យខណ្ឌដង្កោ និងខណ្ឌជាយក្រុងមួយចំនួនទៀត ទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើននិងធ្វើឱ្យតម្រូវការលំនៅឋាននៅតំបន់ទាំងនោះមានកំណើនខ្ពស់ផងដែរ”។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍនិងរីកចម្រើននៃទីក្រុងធ្វើឱ្យមានការពង្រីកទីក្រុងកាន់តែធំ ហើយវិធីតែមួយគឹការអភិវឌ្ឍនៅតំបន់ជាយក្រុង។ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំនៅតែមានទំនោរលើការស្នាក់នៅផ្ទះផ្ទាល់ដី ដូច្នេះការអភិវឌ្ឍផ្ទះផ្ទាល់ដីមានតែ នៅតំបន់ជាយក្រុង ពីព្រោះតំបន់កណ្ដាលក្រុងតម្លៃដីបានហក់ឡើងខ្ពស់ណាស់ និងមិនអាចទិញដើម្បីសង់ផ្ទះលក់បានឡើយ។

លោកបន្តថា “យើងក្រលេកទៅមើលតំបន់មួយទៀត គឺប៉ែកខាងលិចរាជធានីភ្នំពេញ រួមមាន ខណ្ឌពោធិ៍សែនជ័យ និងតំបន់កំបូល ក៏មានសកម្មភាពអភិវឌ្ឍន៍លំនៅឋានដ៏សកម្មភាពផងដែរ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗបានដាក់ទុនវិនិយោគលំនៅឋានក្នុងតំបន់នោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here