ដោយៈវិវឌ្ឈន៍
ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីប្រទេសជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។
បច្ចុបន្នក្រុមអ្នកជំនាញទាំងនេះ កំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជនហើយ។
ការបង្ហើបព៌តមាននេះពីអ្នកជំនាញជប៉ុន បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងជំនួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។
គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ អ្នកជំនាញជប៉ុន នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា គំរោងនេះ មានសារសំខាន់យ៉ាងខ្លាំង ក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។
ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។
ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រ ដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ ដើម្បីបង្ការការដួលរលំជាយថាហេតុផងដែរ៕