ក្រសួងហាមឃាត់វិស្វករកម្ពុជាមិនឱ្យទទួលអនុវត្តន៍ការងារសាងសង់ ឬរុះរើសំំណង់ដែលមិនទាន់មានលិខិតអនុញ្ញាត

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹង ដល់អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ដើម្បីហាមឃាត់វិស្វករទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើ ដែលមិនទាន់មានលិខិតអនុញ្ញាត។

យោងតាមព្រះរាជក្រមលេខ នស/រកម/១១១៥/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ការអនុវត្តការងារសាងសង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់។

ការណ៍នេះ ព្រោះថាការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពី គម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើលោកអគ្គលេខាធិការ ណែនាំវិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តន៍ ការងារសាងសង់ដែលមិនទាន់ទទួល បានលិខិតអនុញ្ញា​តសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។

ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើស តាមផ្លូវច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here