ដោយ សុខុម
ស៊ីដនី: យោងតាមការស្ទង់មតិចុងក្រោយបង្អស់របស់ Demographia International Housing Affordability បង្ហាញថា ស៊ីដនី ដែលជាទីក្រុងដ៏ធំបំផុតរបស់អូស្ត្រាលី ពេលនេះក្លាយជាទីក្រុងដែលផ្ទះមានតម្លៃថ្លៃបំផុតទី២ របស់ពិភពលោក បន្ទាប់ក្រុងហុងកុង។
លោក Gary Jackson អ្នកថតរូបឯករាជ្យនៅក្រុងមែលប៊ន (Melbourne) ដែលជាទីក្រុងធំបំផុតទី២ របស់អូស្ត្រាលី បានចាប់ផ្តើមដើររកទិញផ្ទះដំបូងរបស់គាត់ក្នុងឆ្នាំ២០១៧។
ប៉ុន្តែបន្ទាប់ពីស្វែងរកអស់រយៈពេល៥ឆ្នាំមក បុរសវ័យ៤០ឆ្នាំរូបនេះក៏បានបោះបង់ការព្យាយាម ព្រោះផ្ទះថ្លៃខ្លាំងពេក។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ តម្លៃផ្ទះនៅទីក្រុងមែលប៊ន បានហក់ឡើងរហូតដល់ទៅជិត២០% ដែលធ្វើឱ្យតម្លៃផ្ទះជាមធ្យមក្នុងទីក្រុងនេះហក់ឡើងរហូតដល់៨៣២.០០០ដុល្លារអាមេរិក ក្នុងមួយខ្នង។
បុរសរូបនេះបានប្រាប់សារព័ត៌មាន AlJazeera កាលពីថ្ងៃទី៦ ខែមេសា ថា “ពេលខ្ញុំចាប់ផ្តើមដើររកមើលទិញផ្ទះកាលពី៥ឆ្នាំមុន តម្លៃគឺខ្ពស់ពេកណាស់ទៅហើយ។ នៅរាល់ការដេញថ្លៃដែលខ្ញុំបានទៅចូលរួម ផ្ទះត្រូវបានលក់ចេញខ្ពស់ជាង៦ខ្ទង់ធៀបនឹងតម្លៃដែលត្រូវបានផ្សព្វផ្សាយ។ បន្ទាប់មក វិបត្តិកូវីដ-១៩ ក៏បានផ្ទុះឡើង អាជីវកម្មរបស់ខ្ញុំក៏បានបាត់ក្នុងពេលត្រឹមតែមួយយប់ ហើយខ្ញុំអាចរស់បានដោយសារអំណោយដែលរដ្ឋាភិបាលបានជួយបន្តក់ឱ្យតិចៗចាប់តាំងពីពេលនោះមក”។
បទសោធន៍ដ៏ល្វីងជូរចត់បែបនេះមិនមែនកើតមានតែចំពោះលោក លោក Gary Jackson ម្នាក់នោះទេ ពោលគឺប្រជាជនទូទៅក្នុងប្រទេសអូស្ត្រាលី សុទ្ធតែជួបបញ្ហាស្រដៀងគ្នា ខណៈតម្លៃផ្ទះបានហក់ឡើងជិត១គុណនឹង៣ក្នុងរយៈពេល២០ឆ្នាំមកនេះ។ យោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ CoreLogic ឱ្យដឹងថា អំឡុងពេលដូចគ្នានេះ ប្រាក់ឈ្នួលបានកើនឡើងតិចជាង៨២%៕