ដោយៈសហការី
ភ្នំពេញៈ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានសមាគមគាំទ្រជាឯកច្ឆ័ន្ទ ជាប្រធានសមាគមអាណត្តិទី៣បន្តទៀត។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ាលី យ៉ងផាត់ ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរ។
ក្នុងសន្និបាតប្រចាំឆ្នាំ២០២២ និងពិធីពិសាអាហារសាមគ្គីរបស់សមាគម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងាររបស់សមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានវត្តមានរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសារាជធានីភ្នំពេញផងដែរ។
អ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាបានដឹងហើយរយៈពេលជា២ឆ្នាំកន្លងមកនេះជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលយ៉ាងខ្លាំងទូទាំងពិភពលោក និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏មានការប៉ះពាល់ដល់វិស័យសំណង់យើងដែរ។
លោកបន្តថា “ដោយកត្តាខាងលើនេះហើយ បានធ្វើឲ្យសមាគមយើងមិនអាចមានលទ្ធភាពជួបជុំប្រារព្ធពិធីផ្សេងៗ ឬកិច្ចប្រជុំនានាបាន”។
អ្នកឧកញ៉ា លី ហួរ បានបន្តថា ទោះបីបញ្ហាជំងឺឆ្លងកូវីដ១៩ ជាឧបសគ្គដ៏ធំមែន តែសមាគមនៅតែបន្តធ្វើកិច្ចការ បម្រើជាផលប្រយោជន៍រួមសម្រាប់សមាជិក-សមាជិកាសមាគម ដោយបន្តសកម្មភាពការងារយ៉ាងសកម្ម និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ ក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ នៃសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនសមាជិក-សមាជិកា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
អ្នកឧកញ៉ា លី ហួរ ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយចិត្ត ថវិកាធនធាន ក្នុងការចូលរួមក្នុងសកម្មភាព ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន ធ្វើឲ្យសមាគមទទួលបាននូវភាពរីកចម្រើន មានកេរ្តិ៍ឈ្មោះ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់មានការចាប់អារម្មណ៍ និងបានចូលជាសមាជិក សមាគមបន្ថែមទៀតយ៉ាងច្រើន ដែលបច្ចុប្បន្នសមាគម មានសមាជិកសរុប៦៨ក្រុមហ៊ុន ក្នុងនោះសម្រាប់ឆ្នាំ២០២០-២០២១ សមាគមបានទទួលសមាជិកថ្មីបន្ថែមចំនួន២០ក្រុមហ៊ុន បន្ថែមទៀត៕