ដោយៈសុខុម
តូក្យូ: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co Ltd គ្រោងនឹងបោះទុនវិនិយោគរហូត ដល់ទៅ៦៤ពាន់លានដុល្លារអាមេរិក លើការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ មានគោលបំណងបញ្ចេញរថយន្តអគ្គិសនី (EV) ដល់ទៅជាង៣០ម៉ូឌែលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០។
គោលដៅប្រកបដោយមហិច្ឆតាយ៉ាងធំនេះ ត្រូវបានលាតត្រដាងតាម រយៈបទបង្ហាញរបស់ក្រុមហ៊ុន ដែលធ្វើឡើងនៅថ្ងៃអង្គារ ទី១២ ខែមេសា នេះ។

-->
ក្រុមហ៊ុនជប៉ុនមួយនេះ បានសម្រុកយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែង ដើម្បីដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
នៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន កាន់តែច្រើន បានងាកមកសម្រុកផលិតរថយន្តអគ្គិសនី ដើម្បីដណ្ដើមចំណែកទីផ្សារ ខណៈខ្លួនប្រឈមហានិភ័យ ធ្លាក់មកនៅក្រោយក្រុមហ៊ុនថ្មីៗដូចក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc ព្រមទាំងក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនអាមេរិក ដែលជាគូប្រជែងផ្សេងៗទៀតផងដែរ។
ក្រុមហ៊ុន Honda ក៏បានទម្លាយឱ្យដឹងដែរថា ខ្លួនមានគម្រោងផលិតរថយន្តអគ្គិសនី ឱ្យបាន២លានគ្រឿងក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននេះបញ្ជាក់ថា មួយចំណែកធំនៃការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាអគ្គិសនី ព្រមទាំងសូហ្វវែរ។

ក្រុមហ៊ុននេះនិយាយទៀតថា ខ្លួននឹងចំណាយប្រាក់ប្រមាណ៣៤៣លានដុល្លារអាមេរិក លើខ្សែសង្វាក់បង្ហាញ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី ដោយមានគោលបំណងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៤៕ Reuters៕