តើរដ្ឋាភិបាលធ្វើអនុប្រយោគដីធ្លីពីរប្រភេទយ៉ាងដូចម្តេច?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជា ២ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

តើអចលនទ្រព្យទាំង២ប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំង ២ នេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ គឺជាអ្វី?។

យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឲ្យដឹងថា ជាបឋម ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន ព្រោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រាប់បម្រើប្រយោជន៍ សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។

ចំណែកទ្រព្យឯកជនរបស់រដ្ឋ ជាអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជនក្នុងទម្រង់ផ្សេងៗ ដែលភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ឬ ជួលទៅឱ្យឯកជន។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទ្រព្យទាំង២ខាងលើនេះ អាចផ្លាស់ទម្រង់បាន តាមរយៈការធ្វើអនុប្បយោគ និងអធិប្បយោគ។

អនុប្បយោគមានន័យថា ជាការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ការធ្វើអនុប្បយោគ គឺធ្វើឡើងចំពោះតែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណា ដែលបាត់បង់លក្ខណៈសម្បត្តិ ក្នុងការបម្រើប្រយោជន៍សេវាសាធារណៈ។

ឧទាហរណ៍ កាលពីឆ្នាំ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន ដែលការកាត់នេះ ធ្វើឡើងតាមការធ្វើអនុប្បយោគ។ ការធ្វើបែបនេះបាន ក៏ព្រោះតែបឹងនេះ បានបាត់បង់ប្រយោជន៍ជាសាធារណៈទៅហើយ។ មួយទៀតគឺការកាត់ដីព្រៃឈើចាស់ ឱ្យឯកជន។ ដូចគ្នា ការធ្វើអនុប្បយោគបានលុះត្រាតែដីនោះ គ្មានព្រៃឈើទៀតទេ ឬព្រៃឈើបានបាត់បង់អស់យូរមកហើយ។

រីឯអធិប្បយោគវិញ ផ្ទុយពីអនុប្បយោគ ពោលគឺការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទ្រព្យឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ។

ក្រោយការធ្វើអធិប្បយោគ ទ្រព្យសម្បត្តិទាំងនោះ មិនអាចជាកម្មវត្ថុនៃការលក់ ការដូរ សម្បទាន ការផ្ទេរកម្មសិទ្ធិ និងការជួលបានទៀតនោះទេ។

ទាំងអនុប្បយោគ និងអធិប្បយោគ ត្រូវធ្វើតាមវិធានដែលកំណត់ដោយច្បាប់ ប៉ុន្តែការធ្វើអនុប្បយោគ អាចធ្វើទៅបានចំពោះតែទ្រព្យសម្បត្តិទាំងឡាយណា ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here