ដោយៈសុខុម
សឹង្ហបុរី: ការលក់លំនៅដ្ឋានឯកជនថ្មីៗ ទទួលបានកំណើនខ្ពស់រហូតដល់ទៅ២០,៧%ក្នុងខែមីនា បើធៀបនឹងខែកុម្ភៈ ដែលបានដាំក្បាលចុះយ៉ាងខ្លាំង។
យោងតាមទិន្នន័យដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៨ ខែមេសា បង្ហាញថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះបានចំនួន៦៥៤យូនីតកាលពីខែមីនា បើធៀបនឹងការលក់បានចំនួន៥៤២យូនីតក្នុងខែកុម្ភៈ ហើយនេះមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) នោះទេ។

-->
លំនៅដ្ឋានឯកជនក្នុងតំបន់ Rest of Central Region (RCR) លក់បានច្រើនជាងគេ ដោយលក់បានដល់ទៅ៣២០យូនីត បន្ទាប់មកតំបន់ Outside Central Region (OCR) លក់បាន១៨១យូនីត ហើយនៅតំបន់ Core Central Region (CCR) លក់បាន១៥៣យូនីត។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា ទីផ្សារលំនៅដ្ឋានឯកជន បានបង្ហាញពីសញ្ញាងើបឡើងវិញខ្លះៗហើយ នៅពេលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ បានលក់ផ្ទះបានច្រើនជាងមុនកាលពីខែមីនា។

ប្រទេសសិង្ហបុរី បានបន្ធូរបន្ថយវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមីនា ដោយមនុស្សអាចប្រមូលផ្ដលផ្ដុំគ្នានៅតាមហាងលក់គ្រឿងទេសបានរហូតដល់១០នាក់៕ CNA៕